អគ្គនាយក ARDB លើកទឹកចិត្តកសិករ ឱ្យគណនាប្រាក់ចំណេញ ពីផលិតកម្មកសិកម្ម
03-11-2026 13:49
(កំពង់ធំ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញឱ្យកសិករគណនាភាពចំណេញ ឬខាតក្នុងសកម្មភាពផលិតកម្មកសិកម្ម ដោយប្រើការគណនាតាមបែបវិទ្យាសាស្ត្រ ជាជាង ការប្រើអារម្មណ៍ដើម្បីកំណត់ការចំណេញឬខាត ។
ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គនាយកធនាគារ ARDB បានថ្លែងថា «ការកំណត់ថ្លៃដើមនេះជាបញ្ហាស្នូលនៃការធ្វើកសិកម្មឱ្យបានប្រាក់ចំណេញ។ បើយើងមិនដឹងចំណុចនេះទេ យើងមិនអាចដឹងថាចំណេញ ឬខាតនោះទេ»។
លោបានលើជាឧទាហរណ៍ គ្រាន់តែតម្លៃស្រូវចុះមកនៅត្រឹម ៧៥០រៀលក្នុងមួយគីឡូក្រាម ពេលខ្លះយល់ថាខាតដែរ។ សួរថាយកអី្វទៅដក ទើបដឹងវាខាត ។ ដើម្បីបានដឹងពីចំណេញខាតត្រូវការធ្វើការគណនាឱ្យបានច្បាស់។
លោកបណ្ឌិតកៅ ថាច បានថ្លែងថា កិច្ចការដែលសំខាន់នៅក្នុងការធ្វើរបរកសិកម្ម គឺត្រូវរកវិធីធ្វើឱ្យថ្លៃដើមផលិតនៅទាប ធ្វើឱ្យទិន្នផលកើនឡើង និងបង្កើនការប្រុងប្រយ័ត្ននៅក្នុងការធ្វើកសិកម្ម។
អគ្គនាយក ARDB មានប្រសាសន៍បន្ថែមថា «ដើម្បីឱ្យថ្លៃដើមផលិតធ្លាក់ចុះបានលឿន ត្រូវបង្កើនទិន្នផល។ ឧទាហរណ៍ថា យើងចំណាយអស់ប្រាក់៤លានរៀលក្នុងមួយហិកតា បើទិន្នផលអាចឡើងដល់៧,៥តោន វាធ្វើឱ្យថ្លៃដើមផលិតយើងធ្លាក់ចុះ ។ តើធ្វើម៉េចដើម្បីបង្កើនទិន្នផល? មានកត្តាពូជសុទ្ធល្អ កត្តាប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ កត្តាប្រើប្រាស់ជី-ថ្នាំឱ្យត្រូវតាមពេលវេលា កត្តាប្រើថ្នាំសម្លាប់សត្វល្អិតឱ្យត្រូវពេល។ នេះគឺជាកត្តាកំណត់ធ្វើឱ្យទិន្នផលកើនឡើង។ ដូច្នេះ បងប្អូនអាចពិនិត្យពិចារណាឡើងវិញ»៕










