FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ឥន សុផល៖ បើចង់ធ្វើជាមេដឹកនាំនយោបាយ ត្រូវយល់ពីការទូតឲ្យបានស៊ីជម្រៅ និងកុំហែកទ្រូងឱ្យក្អែកចឹក!

03-11-2026 13:42

(ភ្នំពេញ)៖ ខណៈពេលដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ស្រាប់តែលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងអស់ផ្លូវ បានសរសេរលិខិតមួយផ្ញើទៅកាន់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ដោយស្នើឲ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ពិចារណាកុំចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ នាពេលខាងមុខ។

ដោយមេប្រឆាំងផ្កាប់មុខមួយនេះ បានលើកហេតុផលថា ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង សម្រាប់កិច្ចប្រជុំកំពូលនេះ «មិនមែនជារឿងចាំបាច់» ខណៈដែលប្រទេសបារាំងកំពុងជួបវិបត្តិសេដ្ឋកិច្ច និងថាកម្ពុជា ជាប្រទេសដែលគាបសង្កត់ផ្នែកនយោបាយ។

ជុំវិញការលើកឡើងបែបនេះ បានធ្វើឲ្យលោកបណ្ឌិត ឥន សុផល ដែលជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងការទូត បាននិយាយថា មេដឹកនាំក្រុមប្រឆាំងមួយក្ដាប់តូចនេះគឺជា «អ្នកនយោបាយស្ទើរអូស» ដែលមិនយល់ថាកិច្ចកំពូលហ្វ្រង់កូហ្វូនី មានតម្លៃកម្រិតណា។

ពិតណាស់បើតាមការបញ្ជាក់ពីអ្នកជំនាញរូបនេះ បានឲ្យ Fresh News ដឹងថា ប្រទេសសមាជិកហ្វ្រង់កូហ្វូនីពេញសិទ្ធិ និងប្រទេសអង្កេតការណ៍ សរុបប្រមាណជា ៩០រដ្ឋ និងមានសមាជិកគណៈប្រតិភូ ដែលត្រូវចូលរួមប្រជុំប្រមាណពី ៥,០០០នាក់ ទៅ ៧,០០០នាក់។ ខណៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មានសារៈសំខាន់ណាស់ចំពោះបារាំង។

សារៈសំខាន់ទាំងនោះមានដូចជា ពង្រឹងឥទ្ធិពលភាសា និងវប្បធម៌បារាំង (ការអប់រំ ការប្រើប្រាស់ភាសាបារាំង និងឧស្សាហកម្មវប្បធម៌ ជួយរក្សាទំនាក់ទំនងយូរអង្វែងរវាងបារាំង និងសង្គមនៃប្រទេសសមាជិក)។ ជំរុញរបៀបវារៈការទូត ដោយប្រធានាធិបតីអាចពិភាក្សាជាមួយមេដឹកនាំជាច្រើនអំពីសន្តិភាព វិបត្តិអន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី។ បើកឱកាសសេដ្ឋកិច្ច ដោយកិច្ចប្រជុំ និងព្រឹត្តិការណ៍អម ដូចជា FrancoTech ភ្ជាប់សហគ្រិន អ្នកវិនិយោគ និងអ្នកច្នៃប្រឌិតក្នុងលំហហ្វ្រង់កូហ្វូនី។

ជាពិសេសការចូលរួមដោយផ្ទាល់របស់ប្រធានាធិបតីបារាំង គឺជាសញ្ញានៃការយកចិត្តទុកដាក់នយោបាយរបស់បារាំង ប្រទេសដៃគូ។ ហេតុនេះចាប់តាំងពីឆ្នាំ១៩៨៦ មកប្រធានាធិបតីបារាំង មិនដែលអវត្តមានក្នុងកិច្ចប្រជុំនេះឡើយ ព្រោះជាផលប្រយោជន៍របស់បារាំង ដើម្បីរក្សាឥទ្ធិពលរបស់ខ្លួនជាមួយប្រទេសនិយាយភាសាបារាំង។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ឥន សុផល។

សម្រាប់កម្ពុជា វិញអាចទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដូចជា៖ វិស័យការទូត ដែលអាចជួបមេដឹកនាំ និងគណៈប្រតិភូជាច្រើននៅកន្លែងតែមួយ ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ និងបង្ហាញពីបញ្ហា និងអាទិភាពរបស់កម្ពុជា។ ទាក់ទាញពាណិជ្ជកម្ម និងវិនិយោគ ដោយបង្ហាញពីផលិតផល ឱកាសស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជា និងស្វែងរកដៃគូបច្ចេកវិទ្យា និងអ្នកវិនិយោគ។

ចំណែកផលចំណេញលើផ្នែកសេវាកម្មវិញ គឺការចំណាយរបស់ប្រតិភូលើការស្នាក់នៅ អាហារ ដឹកជញ្ជូន បកប្រែ និងរៀបចំព្រឹត្តិការណ៍សណ្ឋាគារ ភោជនីយដ្ឋាន អ្នកបើកបរ អ្នកបកប្រែ និងអ្នកផ្គត់ផ្គង់ក្នុងស្រុក។ ព្រោះសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ រាល់ការចំណាយលើការហូបចុក ស្នាក់នៅរបស់សមាជិកគណៈប្រតិភូ ពុំមែនជាបន្ទុករបស់កម្ពុជាឡើយ។

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងការទូតខាងលើបានបន្តទៀតថា តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ កម្ពុជា អាចទាញយកផលប្រយោជន៍ផ្នែកទេសចរណ៍ និងវប្បធម៌យ៉ាងច្រើន ដោយអាចផ្សព្វផ្សាយបេតិកភណ្ឌ សិល្បៈ ម្ហូបអាហារ និងគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។

មិនតែប៉ុណ្ណោះកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ត្រូវបានបង្ហាញតាមរយៈសមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិ និងបង្កើនការផ្សព្វផ្សាយឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន និងមានភាពកក់ក្តៅ អាចលុបលាងរឿងមិនសូវល្អរបស់កម្ពុជាកន្លងមក។ នេះគឺជាឱកាសសេដ្ឋកិច្ចជាក់ស្តែងមួយ គឺវេទិកាធុរកិច្ចកម្ពុជា–បារាំងលើកទី៣ ដែលក្រសួងពាណិជ្ជកម្មប្រកាសរៀបចំនៅថ្ងៃទី១៦ ខែវិច្ឆិកា។ កម្មវិធីនេះមានការជួបរវាងក្រុមហ៊ុន និងការជួបរវាងក្រុមហ៊ុនជាមួយរដ្ឋ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ។

ដូចការរៀបរាប់ខាងលើនេះ លោកបណ្ឌិត ឥន សុផល បានផ្ដាំទៅអ្នកនយោបាយមួយចំនួនថា «បើចង់ធ្វើជាមេដឹកនាំនយោបាយ ត្រូវយល់ពីការទូតឲ្យបានស៊ីជម្រៅ និងកុំហែកទ្រូងឱ្យក្អែកចឹកបែបនេះ»៕