អាជ្ញាធរជាតិអាវុធគីមី បើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញវិភាគសារធាតុគីមី និងការគ្រប់គ្រងសំណាក ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ OPCW
03-11-2026 12:57
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ នឿន វិទ្យា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ និងជាអគ្គលេខធិការ នៃអាជ្ញាធរជាតិអាវុធគីមី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍជំនាញវិភាគសារធាតុគីមី និងការគ្រប់គ្រងសំណាក» ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការហាមឃាត់អាវុធគីមី (OPCW) ដោយមានការចូលរួមពី អ្នកជំនាញអន្តរជាតិ លោកស្រី Milena Stankovic លោក Georgios Kaklamanos តំណាងអង្គការ OPCW ភ្ញៀវកិត្តិយស និងសិក្ខាកាមជាច្រើនរូប នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងយូរអង្វែងរវាងអាជ្ញាធរជាតិអាវុធគីមី និងអង្គការ OPCW ក្នុងការរួមចំណែកពង្រឹងសមត្ថភាពជាតិរបស់កម្ពុជា សម្រាប់ការអនុវត្តអនុសញ្ញាហាមឃាត់អាវុធគីមី (Chemical Weapons Convention-CWC) ឱ្យកាន់តែមានប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងចំណេះដឹងទ្រឹស្តី និងជំនាញអនុវត្តជាក់ស្តែងដល់មន្ត្រីជំនាញគីមីវិទ្យា និងបុគ្គលិកមន្ទីរពិសោធន៍កម្ពុជា ក្នុងការវិភាគសារធាតុគីមីដែលពាក់ព័ន្ធនឹងអនុសញ្ញា CWC ព្រមទាំងការបកស្រាយលទ្ធផលវិភាគឱ្យបានត្រឹមត្រូវ និងមានភាពជឿជាក់ខ្ពស់។
ក្នុងរយៈពេល៤ថ្ងៃនេះ សិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាលជាក់ស្តែងលើបច្ចេកទេសវិភាគ ដោយប្រើប្រាស់ឧបករណ៍ Gas Chromatography-Mass Spectrometry (GC-MS) តាមបច្ចេកទេស Electron Ionization (EI) ព្រមទាំងការប្រើប្រាស់កម្មវិធីវិភាគទិន្នន័យឯកទេស រួមមានមូលដ្ឋានទិន្នន័យវិភាគកណ្តាលរបស់ OPCW (OCAD) និងកម្មវិធី Automated Mass Spectral Deconvolution and Identification System (AMDIS)។
លើសពីនេះ កម្មវិធីក៏ផ្តោតលើបច្ចេកទេសរៀបចំសំណាកសរីរាង្គ និងសំណាកក្នុងបរិស្ថានទឹក ការបកស្រាយទិន្នន័យវិភាគ និងវិធីសាស្ត្រកាត់បន្ថយការកំណត់អត្តសញ្ញាណសារធាតុខុស ឬលទ្ធផលវិជ្ជមានក្លែងក្លាយ (False Positives)។ ចំណេះដឹង និងជំនាញទាំងនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ភាពត្រឹមត្រូវ និងភាពជឿជាក់នៃលទ្ធផលវិភាគ ព្រមទាំងពង្រឹងសុវត្ថិភាព និងសន្តិសុខគីមី និងសមត្ថភាពជាតិក្នុងការត្រៀមលក្ខណៈ និងឆ្លើយតបចំពោះ ឧប្បត្តិហេតុពាក់ព័ន្ធនឹងសារធាតុគីមី។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ នឿន វិទ្យា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពបច្ចេកទេស និងធនធានមនុស្ស ដោយលើកឡើងថា ការអនុវត្តអនុសញ្ញាអន្តរជាតិប្រកបដោយប្រសិទ្ធភាព មិនអាចពឹងផ្អែកតែលើការប្តេជ្ញាចិត្តផ្នែកនយោបាយ និងក្របខណ្ឌច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានស្ថាប័នដែលមានសមត្ថភាព មន្ត្រីជំនាញ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដែលអាចទុកចិត្តបាន ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តរបស់យើងក្រោមអនុសញ្ញាទាំងនោះ ឲ្យទៅជាការអនុវត្តជាក់ស្តែងនៅថ្នាក់ជាតិ។
លោកបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះមិនមែនគ្រាន់តែជាសកម្មភាពបច្ចេកទេសមួយប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគដ៏មានតម្លៃលើការអភិវឌ្ឍសមត្ថភាពជាតិ ជំនាញវិទ្យាសាស្ត្រ និងសន្តិសុខគីមីរយៈពេលវែងរបស់កម្ពុជា ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចក្រោមអនុសញ្ញាហាមឃាត់អាវុធគីមី និងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីទប់ស្កាត់ការអភិវឌ្ឍ ការផលិត ការស្តុកទុក និងការប្រើប្រាស់អាវុធគីមី។
លោកក៏បានសង្កត់ធ្ងន់ថា គ្មានស្ថាប័នណាមួយអាចដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេស និងប្រតិបត្តការពាក់ពន្ធ័នឹងការគំរាមកំហែងដោយសារធាតុគីមីបានដោយឯកឯងនោះទេ។ ការអនុវត្តប្រកបដោយប្រសិទ្ធភាព ទាមទារឲ្យមានការសម្របសម្រួលអន្តរស្ថាបន័ ការចែករំលែកពត៌មាន និងការកសាងបណ្តាញមន្ទីពិសោធន៍ដែលមានសមត្ថភាព និងអាចគាំទ្រគ្នាទៅវិញទៅមក។ អ្វីដែលសំខាន់ជាងនេះទៀត គឺចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ មិនគួរត្រូវបានរក្សាទុកសម្រាប់តែបុគ្គលម្នាក់ៗនោះទេ ប៉ុន្តែគួរត្រូវបានចែករំលែក ផ្ទេរបន្ត និងបញ្ចូលទៅក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័នរៀងៗខ្លួន។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលេខាធិការដ្ឋានបច្ចេកទេសនៃអង្គការ OPCW ដែលបានបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងអ្នកជំនាញទាំងពីររូប ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីជំនាញកម្ពុជា។ លោកក៏បានកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកម្មវិធីនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ដែរថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់កម្ពុជា និងអង្គការ OPCW ក្នុងការលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកទេសជាតិ ដើម្បីធានាការអនុវត្តអនុសញ្ញាហាមឃាត់អាវុធគីមី ព្រមទាំងរួមចំណែកដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពគីមីក្នុងតំបន់ និងពិភពលោក៕











