FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ចុះផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹងពីច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៅខេត្តកំពង់ឆ្នាំង

03-11-2026 11:57

(កំពង់ឆ្នាំង)៖ លោក គួច ប៊ុនលាត រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកកម្មវិធីផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹង «ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់» នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយនាយកដ្ឋានសរុប និងព័ត៌មាននៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។

ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់រួមមានលោក ចៅ សុភៈភិបាល អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ លោក សួន និមល អគ្គនាយករង លោក វង្ស ដាពុទ្ធា ប្រធាននាយកដ្ឋាន ក្រុមការងាររបស់នាយកដ្ឋានសរុប និងព័ត៌មាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្រុមយុវជនកាយរឹទ្ធិ និងក្រុមយុវជនកាកបាទក្រហម សរុបចំនួនប្រមាណ ១៤០នាក់។

កម្មវិធីផ្សព្វផ្សាយអប់រំនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយបង្កើនចំណេះដឹង និងអប់រំបញ្ជ្រាបការយល់ដឹងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ជំរុញការចូលរួមថែរក្សាប្រព័ន្ធលូសាធារណៈឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃប្រព័ន្ធទឹកកខ្វក់ កាតព្វកិច្ចតាមផ្លូវច្បាប់ និងការចូលរួមរបស់ប្រជាកពលរដ្ឋក្នុងការគ្រប់គ្រងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ។

កម្មវិធីផ្សព្វផ្សាយអប់រំនេះ បានគួររំលេចអំពីសារអប់រំដ៏មានសារៈសំខាន់ៗពាក់ព័ន្ធនឹងប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថានគួរចាប់ផ្តើមពីកុមារ និងយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីឱ្យប្អូនៗសិស្សានុសិស្សមានចំណេះដឹង និងទម្លាប់ល្អក្នុងការរស់នៅប្រកបដោយអនាម័យ និងការទទួលខុសត្រូវចំពោះបរិស្ថាន ព្រមទាំងសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ បន្តជំរុញការផ្សព្វផ្សាយ ការណែនាំ និងការសម្របសម្រួល ដើម្បីធានាថាប្រព័ន្ធទឹកកខ្វក់ត្រូវបានប្រើប្រាស់ និងថែរក្សាប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕