សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ចុះ MoU ជាមួយសាកលវិទ្យាល័យពូអឺ បើកទំព័រកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌រវាងយុវជន និងនិស្សិតនៃប្រទេសទាំងពីរ
03-11-2026 11:54
(យូនណាន)៖ តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យ Pu'er University ខេត្តយូនណាន លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន និងជាសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ព្រមទាំងជាជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា អមដំណើរដោយ លោកវេជ្ជបណ្ឌិត លី សៀហ្វុង អនុក្រុមប្រឹក្សាភិបាលសមាគម និងជាប្រធាននិស្សិតខេត្តយូនណាន និងលោក ស៊ូ សិទ្ធិគុណ ក្រុមប្រឹក្សាភិបាលសមាគម និងជាអតីតប្រធានសមាគមនិស្សិត អាណត្តិទី៧ និងអាណត្តិទី៨ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុង «វេទិកាសហប្រតិបត្តិការអប់រំឡានឆាង-មេគង្គ លើកទី៦» (The 6th Lancang-Mekong Education Cooperation Forum) ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូអឺ ខេត្តយូនណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក អ៊ុំ វុទ្ធទី តំណាងឱ្យសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយតំណាងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យពូអឺ (Pu'er University)។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យអប់រំ ការផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌រវាងយុវជន និងនិស្សិតនៃប្រទេសទាំងពីរ ក៏ដូចជាការបង្កើតឱកាសអាហារូបករណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់យុវជនកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតនាពេលអនាគត។
បន្ថែមពីនេះ ក្នុងដំណើរបំពេញបេសកកម្មនាពេលកន្លងមកថ្មីៗនេះ លោកប្រធាន អ៊ុំ វុទ្ធទី ព្រមទាំងសហការី ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់អំពីស្ថានភាពរស់នៅ និងការសិក្សារបស់និស្សិតកម្ពុជា នៅតាមសាកលវិទ្យាល័យមួយចំនួន ក្នុងទីក្រុងឃុនមីង (Kunming) ផងដែរ ដើម្បីផ្តល់ការលើកទឹកចិត្ត និងបង្កើនភាពស្និទ្ធស្នាលរវាងសមាគម និងនិស្សិតខ្មែរដែលកំពុងសិក្សានៅបរទេស។
លោក អ៊ុំ វុទ្ធទី បានលើកឡើងថា សកម្មភាពការងារដ៏មានសារៈសំខាន់ទាំងនេះ គឺដើម្បីស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែចង់ឃើញប្រទេសជាតិយើងពោរពេញដោយធនធានមនុស្សដែលមានចំណេះដឹង មានជំនាញច្បាស់លាស់គ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍជាតិ។
ឆ្លងកាត់តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ និងដើម្បីស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ក៏ដូចជាសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន នឹងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកដៃគូសហការថ្មីៗ ដើម្បីជួយជំរុញ និងបង្កលក្ខណៈងាយស្រួលដល់និស្សិតកម្ពុជា ក្នុងការមកបន្តការសិក្សានៅប្រទេសចិន តាមរយៈប្រព័ន្ធអាហារូបករណ៍នានា សំដៅរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿងទ្វេដង៕















