បុណ្យកឋិនទាននៅវត្តតេជោសម្មាទិដ្ឋិ បង្ហាញពីស្មារតីសាមគ្គីភាពខ្មែរគ្រប់ទិសទី
03-11-2026 11:50
(ខេត្តកណ្តាល)៖ ពិធីបុណ្យកឋិនទានដ៏អធិកអធមមួយបានប្រារព្ធឡើងនៅវត្តតេជោសម្មាទិដ្ឋិ (ហៅវត្តលោកឪស៊ុច) ស្ថិតនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
ពិធីបុណ្យនេះបានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមសាមគ្គីរបស់បងប្អូនខ្មែរពីគ្រប់ទិសទី រួមមាន ខ្មែរក្រោម ខ្មែរសុរិន្ទ ខ្មែរកណ្តាល និងខ្មែរលើ ដែលបាននិមន្ត និងអញ្ជើញចូលរួមយ៉ាងកុះករ ដើម្បីបំពេញបុណ្យកុសលក្រោមម្លប់ព្រះពុទ្ធសាសនា។
ក្នុងឱកាសដ៏ពិសេសនេះ ពិធីបុណ្យក៏ទទួលបានការចូលរួមជាបច្ច័យកឋិនទានពីសម្តេចពុក និងសម្តេចធិបតីផងដែរ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។
គណៈកម្មការរៀបចំពិធីបុណ្យបានសម្តែងនូវសេចក្តីគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំងពីរ ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ និងធ្វើឱ្យពិធីបុណ្យនេះប្រព្រឹត្តទៅដោយជោគជ័យ។
ពិធីបុណ្យកឋិនទាននេះ មិនត្រឹមតែជាការបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានអត្ថន័យក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងបងប្អូនខ្មែរ ពង្រឹងចំណងមនោសញ្ចេតនា និងស្មារតីរួបរួមសាមគ្គីភាព ព្រមទាំងចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងព្រះពុទ្ធសាសនា ដែលជាមរតកដ៏មានតម្លៃរបស់ប្រជាជាតិខ្មែរ។
គណៈរៀបចំពិធីបុណ្យក៏បានប្រគេន និងជូនពរដល់អ្នកចូលរួមទាំងអស់ សូមទទួលបាននូវអានិសង្សបុណ្យកុសល ប្រកបដោយសេចក្តីសុខ សុភមង្គល និងសេចក្តីចម្រើនគ្រប់ប្រការ៕












