FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ៅ ផល្លា អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានប្រតិបត្តិ និងតែងតាំងមន្ត្រីសមាគមថ្នាលយុវជនកម្ពុជា ប្រចាំសាខាខេត្តកំពង់ចាម

03-11-2026 09:19

(កំពង់ចាម)៖ លោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមថ្នាលយុវជនកម្ពុជា រួមជាមួយលោក ទួន សុខុន អគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងប្រធានប្រតិបត្តិ និងតែងតាំងមន្ត្រីសមាគមថ្នាលយុវជនកម្ពុជា ប្រចាំសាខាខេត្តកំពង់ចាម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ នៅភូមិព្រែកបាក់១ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីពង្រឹងរចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងាររបស់សមាគម។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ម៉ៅ ផល្លា ក៏បានពាំនាំនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ លោក ផេង គឹមស្រ៊ុន ចែកជូនជនមានពិការភាព និងចាស់ជរា ចំនួន ៣រូប ដែលមកពីគ្រួសារខ្មែរឥស្លាមមានជីវភាពខ្វះខាត។ ការចែកអំណោយនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះក្នុងសង្គម។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំសមាគមថ្នាក់កណ្តាល ថ្នាក់ដឹកនាំ សមាជិក សមាជិកាប្រចាំសាខាខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១២៨ រូប ដែលបានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពមនុស្សធម៌នេះផងដែរ៕