FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»

02-11-2026 23:35

(ភ្នំពេញ)៖ ពីកញ្ញា ថាន រស្មី អ្នកសម្របសម្រួលកិច្ចពិភាក្សាកម្មវិធី Fresh Talk របស់បណ្តាញសារព័ត៌មាន Fresh News បានមើលឃើញថា គិតចាប់ពីចុងខែតុលា និងដើមខែវិច្ឆិកា ឆ្នាំ២០២៦នេះ ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល» (Global Protest Wave) ដែលកំពុងអង្រួនស្ថិរភាពនយោបាយយ៉ាងខ្លាំង ទាំងនៅតំបន់អឺរ៉ុប អាស៊ី និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

រលកបាតុកម្ម របស់ក្រុម Gen Z បានរីករាលដាលពាសពេញអឺរ៉ុបខាងលិច និងខាងត្បូង អាស៊ី និងតំបន់ផ្សេងៗទៀត ដែលមានដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ ម៉ាដាហ្គាស្ការ ម៉ារ៉ុក ឥណ្ឌា នេប៉ាល់ និងបង់ក្លាដែស ដែលកំពុងឡើងកម្ដៅជាថ្មី។ ការប្រមូលកម្លាំងរបស់យុវជន Gen Z ត្រូវបានប្រើប្រាស់បណ្តាញសង្គម និងបច្ចេកវិទ្យាឌីជីថល ដើម្បីណាត់ជួបប្រមូលផ្តុំគ្នាតវ៉ា ដែលគេឃើញថាមានដូចជាបញ្ហាជីវភាព ប្រព័ន្ធអប់រំ អំពើពុករលួយ និងការបង្ខំឱ្យចូលបម្រើទ័ពជាដើម។

ជាការគួរឲ្យកត់សម្គាល់ ក្រោយបាតុកម្ម បះបោរបានសម្រេច ដោយផ្ដួលរំលំរដ្ឋាភិបាលចាស់កាលពីឆ្នាំ២០២៤ នៅពេលនេះពួកគេបានត្រឡប់មកលើដងផ្លូវវិញនៅតាមបណ្តាខេត្ត-ក្រុងចំនួន១៣ ដោយទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធអប់រំ និងដេញដោលរដ្ឋាភិបាលថ្មីចេញពីតំណែង ក្រោយពីមានបញ្ហាទឹកជំនន់ប៉ះពាល់ ដល់ការប្រឡង និងការប្រើពាក្យសម្តីមិនសមរម្យពីមន្ត្រីរដ្ឋាភិបាល។ មិនត្រឹមតែចាប់ផ្ដើមចុះផ្លូវធ្វើបាតុកម្មនោះទេ យុវជន Gen Z នៅបង់ក្លាដែស បានបង្កើតបក្សនយោបាយផ្ទាល់ខ្លួនឈ្មោះ National Citizen Party ដើម្បីចូលរួមប្រកួតប្រជែងនយោបាយផងដែរ។

សូមជម្រាបថា គិតមកដល់ពេលនេះ មានក្រុមចលនាយុវជន Gen Z ចំនួន២ប្រទេសហើយ ដែលបានងើបបះបោរប្រឆាំងជាមួយរដ្ឋាភិបាល និងបង្កើតឲ្យគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ហើយបានទទួលជោគជ័យលើការបោះឆ្នោតផងដែរគឺ នេប៉ាល់ និងប្រទេសស៊ែប៊ី។

ដោយប្រទេសនេប៉ាល់ ក្រោយពីរលកបាតុកម្មដឹកនាំដោយយុវជន Gen Z យ៉ាងក្តៅគគុកកាលពីខែកញ្ញា ឆ្នាំ២០២៥ ប្រឆាំងនឹងអំពើពុករលួយ និងការបិទបណ្តាញសង្គម ប្រទេសនេប៉ាល់បានរៀបចំការបោះឆ្នោតមុនអាណត្តិនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ បានធ្វើឲ្យគណបក្ស Rastriya Swatantra Party (RSP) ដែលជាបក្សកណ្តាលនិយមគាំទ្រដោយយុវជន បានឈ្នះអាសនៈរហូតដល់ ១៨២ ក្នុងចំណោម ២៧៥ អាសនៈនៅក្នុងសភា។ ជ័យជម្នះរបស់បក្សកណ្តាលនិយមគាំទ្រដោយយុវជន Gen Z នេះបានធ្វើឲ្យលោក Balendra Shah (Balen Shah) ដែលជាអតីតអភិបាលក្រុងកាត់ម៉ាន់ឌូ វិស្វករ និងជាតារាចម្រៀងរ៉េប (Rapper) វ័យ ៣៦ឆ្នាំ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតនៅលើពិភពលោក។

ចំណែកឯប្រទេសស៊ែប៊ី គឺជាព្រឹត្តិការណ៍ដ៏រញ្ជួយបំផុតមួយនៅតំបន់អឺរ៉ុបខាងកើត ដែលបានកើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ បន្ទាប់ពីចលនានិស្សិត និងយុវជន Gen Z ដែលមិនធ្លាប់មានបទពិសោធន៍នយោបាយ បានរួមដៃគ្នាបង្កើតបក្សនយោបាយមួយឈ្មោះថា «បញ្ជីឈ្មោះនិស្សិត» (Students' List) បានចូលរួមក្នុងការបោះឆ្នោត។ ជាលទ្ធផលពួកគេបានវាយបកយកឈ្នះបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Aleksandar Vučić ដែលបានដឹកនាំប្រទេសអស់រយៈពេល ១៤ឆ្នាំ។ ដោយបក្ស «បញ្ជីឈ្មោះនិស្សិត» (Students' List) ទទួលបានអាសនៈភាគច្រើនដាច់ខាតគឺ ១៤០អាសនៈ ក្នុងចំណោម ២៥០អាសនៈនៅក្នុងសភាជាតិ ហើយបច្ចុប្បន្នកំពុងរៀបចំបង្កើតរដ្ឋាភិបាលថ្មីដើម្បីដឹកនាំប្រទេស៕