FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាឡឺម៉ង់-កម្ពុជា ប្តេជ្ញាចិត្តខ្ពស់លើកិច្ចការការពារបរិស្ថាន ការគ្រប់គ្រងសំណល់ និងការប្រែប្រួលអាកាសធាតុ

02-11-2026 23:31

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ស៊ីលឃ័រ រើហ៊្វ័រ(Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលនៃសហព័ន្ធសាធារណរដ្ឋអាឡឺម៉ង់ និងក្រសួងបរិស្ថាន ជំនួបសម្តែងការគួរសមបានពិភាក្សាពីសារៈសំខាន់នៃការធ្វើការរួមគ្នារវាងរដ្ឋាភិបាល ដៃគូអន្តរជាតិ ព្រមទាំងវិស័យឯកជន សាធារណជន ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ក៏ដូចជាការជំរុញការអភិវឌ្ឍដោយចីរភាព។

លោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្រែក្លាយពីយុទ្ធនាការធម្មតា ឱ្យទៅជាចលនារួមចំណែករបស់សង្គមជាតិទាំងមូល និងឆ្ពោះទៅរកការបង្កើតជាទម្លាប់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

បន្ថែមពីលើនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការគ្រប់គ្រងសំណល់នៅតាមទីលានចាក់សំរាម និងការជំរុញការវិនិយោគលើវិស័យថាមពលចេញពីសំណល់ (Waste-to-Energy) ដើម្បីឈានទៅកាត់បន្ថយសំណល់ឱ្យនៅកម្រិតទាបបំផុត។

ស្របនឹងការលើកឡើងនេះ លោករដ្ឋមន្រ្តីក៏បានលើកឡើងពីបញ្ហាសំណល់ វិបត្តិអាកាសធាតុ និងបាតុភូតអែលនីញ៉ូ (El Niño) មកពិភាក្សាផងដែរ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានបង្ហាញពីការត្រៀមលក្ខណៈសម្បទា និងផែនការអន្តរាគមន៍បន្ទាន់ តាមរយៈការធានាប្រភពទឹកស្អាតសម្រាប់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ ការរក្សាលំនឹងប្រភពទឹកសម្រាប់សត្វព្រៃ និងការដាក់ចេញនូវវិធានការទប់ស្កាត់គ្រោះហន្តរាយភ្លើងព្រៃដែលបង្កឡើងដោយការឡើងកំដៅផែនដី។

បន្ថែមពីនេះ ក្រសួងបរិស្ថានបានផ្តោតសំខាន់យ៉ាងខ្លាំងលើការបណ្តុះស្មារតីយុវជន និងកុមារតាមរយៈសាលារៀន ឱ្យមានការស្រឡាញ់អនាម័យ និងធម្មជាតិ ព្រមទាំងការចូលរួមដាំដើមឈើដើម្បីកសាងវប្បធម៌ស្រឡាញ់ព្រៃឈើ និងបរិស្ថានតាំងពីវ័យកុមារ។

សូមជម្រាបជូនថា កិច្ចសហការគ្នារវាងកម្ពុជា និងភាពជាដៃគូអន្តរជាតិនេះ រំពឹងថានឹងបន្តផ្តល់នូវកម្លាំងចលករថ្មីៗបន្ថែមទៀត ក្នុងការជំរុញគោលនយោបាយជាតិអព្យាក្រឹតកាបូន និងការកសាងអនាគតកម្ពុជាឱ្យស្អាត បៃតង និងមានចីរភាព៕