ថ្នាក់ដឹកនាំខេត្តកណ្តាល ជំរុញឱ្យអាជ្ញាធរស្រុកកៀនស្វាយ ខិតខំដោះស្រាយបញ្ហារបស់ពលរដ្ឋ នៅមូលដ្ឋានឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព
02-11-2026 22:58
(កណ្ដាល)៖ ថ្នាក់ដឹកនាំខេត្តកណ្ដាល បានជំរុញអាជ្ញាធរស្រុកកៀនស្វាយខិតខំដោះស្រាយបញ្ហារបស់ពលរដ្ឋ និងតម្រូវការក្នុងមូលដ្ឋានឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព។
ការណ៍នេះ បានធ្វើឡើងក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកកៀនស្វាយ នាថ្ងៃទីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក គ្រុយ ម៉ាឡែន អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា រាល់សំណើរសំណូមពររបស់ពលរដ្ឋ ប្រសិនជាករណីដែលថ្នាក់ឃុំអាចដោះស្រាយដោយផ្ទាល់ជាមួយពលរដ្ឋបាន ត្រូវធ្វើជាបន្ទាន់។ ប៉ុន្តែបើជាករណីដែលមានភាពស្មុគស្មាញ ត្រូវបញ្ជូនមកថ្នាក់ស្រុក ឬថ្នាក់ខេត្ត ដើម្បីអន្តរាគមន៍ដោះស្រាយ។
លោកអភិបាលរងបន្តថា គណៈអភិបាលខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ។ លោកថារាល់បញ្ហាប្រឈមដែលបានលើកឡើង ករណីអាចដោះស្រាយបានភ្លាមៗ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធនឹងបកស្រាយ និងដោះស្រាយជូននៅកន្លែងតែម្តង។
លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីម្ចាស់ការ និងការចូលរួមបញ្ចេញមតិយោបល់យ៉ាងផុសផុល ត្រង់ទៅត្រង់មករបស់ប្រជាពលរដ្ឋស្រុកកៀនស្វាយ។
ចំពោះសំណើដែលស្មុគស្មាញ និងត្រូវប្រើប្រាស់ថវិកា ឬពេលវេលាយូរ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បានកត់ត្រាទុកជាអាទិភាព ដើម្បីបញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ខេត្ត និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងដំណើរការនៃវេទិកានេះ ប្រជាពលរដ្ឋដែលបានចូលរួម បានលើកឡើងជាសំណួរ និងសំណូមពរជាលាយលក្ខណ៍អក្សរចំនួន ៣១ ច្បាប់ (ស្មើនឹង ៣៥សំណើ) និងសំណើផ្ទាល់មាត់ចំនួន ១។ សំណើទាំងនោះផ្តោតសំខាន់លើការងារអប់រំ និងសាលារៀន ការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ និងប្រព័ន្ធលូរំដោះទឹក) ការផ្គត់ផ្គង់អគ្គិសនី និងថាមពលព្រះអាទិត្យ (សូឡា) និងសេវាសាធារណៈ និងសន្តិសុខ (អត្រានុកូលដ្ឋាន, ដីធ្លី, ប្រជាការពារ, សន្តិសុខ និងសង្គមកិច្ច)៕























