ឃាត់ខ្លួនបុរសវ័យ ៦២ឆ្នាំ ក្រោយបាញ់សម្លាប់កូនប្រុសបង្កើត ដោយសារខឹងកូនប្រើប្រាស់គ្រឿងញៀន និងបង្ករឿងជាប្រចាំ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
02-11-2026 22:50
(ឧត្តរមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មមួយករណី និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាឪពុកបង្កើត ក្រោយធ្វើសកម្មភាពប្រើកាំភ្លើងកែច្នៃបាញ់សម្លាប់កូនប្រុសខ្លួនឯង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ និងមានការដឹកនាំពី លោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស។
យោងតាមព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិស្រែកណ្ដាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ រី រ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារចំដើមទ្រូងខាងស្តាំ ខណៈកំពុងដេកនៅលើផ្ទះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។
ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍នេះ កម្លាំងជំនាញបានចុះពិនិត្យនិងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចបានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យឈ្មោះ រឿន រី ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ ដែលត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ។
តាមការស្រាវជ្រាវ ជនសង្ស័យបានប្រើកាំភ្លើងកែច្នៃប្រើគ្រាប់បាដាង បាញ់ទៅលើកូនប្រុសរបស់ខ្លួនចំនួន១គ្រាប់ ចំដើមទ្រូង បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យបានយកកាំភ្លើងទៅបំបែកជាបំណែកៗ ដោយយកផ្នែកខ្លះទៅលាក់ក្នុងទឹកក្រោមស្ពាននៅមុខផ្ទះ និងផ្នែកខ្លះទៀតយកទៅលាក់ទុកនៅខាងក្រោយផ្ទះ ដើម្បីបំបាត់ដាន។
ចំពោះមូលហេតុដែលនាំឱ្យឈានដល់អំពើឃាតកម្មនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីជនសង្ស័យខឹងសម្បានឹងកូនប្រុស ដែលតែងតែប្រើប្រាស់គ្រឿងញៀន និងបង្ករឿងជាប្រចាំ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន រួមមាន៖ ១)គ្រាប់បាដាងធ្វើពីដែកចំនួន១គ្រាប់ ពណ៌ខ្មៅ ដែលយកពីកន្លែងបូជាសព ២)អាវុធកែច្នៃប្រើគ្រាប់បាដាងចំនួន២ដើម ៣)ដែកបំពង់ទីបសម្រាប់ធ្វើកាណុងកាំភ្លើង ប្រវែង១២៤សង់ទីម៉ែត្រ ចំនួន១ដើម ៤)ស្វាយកាំភ្លើងធ្វើពីឈើចំនួន២កំណាត់ មានកៃជាប់ ៥)ដែកសរសៃលួសសម្រាប់ធ្វើកាណុងចំនួន៣សរសៃ ៦)កំប៉ុងជ័រសម្រាប់ដាក់រំសេវចំនួន១ តែគ្មានរំសេវ និង ៧)គ្រាប់បាដាងធ្វើពីដែកចំនួន៣គ្រាប់។
បច្ចុប្បន្ន កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕















