កម្ពុជា-អង្គការ FAO បង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាចីរភាពសហគមន៍ និងធនធានធម្មជាតិ
02-11-2026 22:33
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោកស្រី Rebekah Bell តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញពីការបញ្ចប់បេសកកម្មការងាររបស់លោកស្រីនៅកម្ពុជា នាររសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
នៅក្នុងជំនួបនោះ លោកស្រី Rebekah Bell បានលើកឡើងពីសមិទ្ធផលការងារសំខាន់ៗជាច្រើន ដែលអង្គការ FAO បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យបរិស្ថាននៅកម្ពុជា។ សមិទ្ធផលទាំងនោះរួមមាន កិច្ចសហការលើការងារប្រែប្រួលអាកាសធាតុ ការស្តារព្រៃឈើ និងការជំរុញជីវភាពរស់នៅរបស់ប្រជាសហគមន៍ឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈភាពជាដៃគូពាក់ព័ន្ធនានា។
លោកស្រីតំណាងអង្គការ FAO ប្រចាំកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាសកម្មភាព និងជំរុញឱ្យមានភាពស្អាត បៃតង និងចីរភាពនៅកម្ពុជានៅពេលខាងមុខ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដៃគូយុទ្ធសាស្ត្ររបស់ FAO។
ទន្ទឹមនឹងការអបអរសាទរចំពោះសមិទ្ធផលកន្លងមក លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ អំពីបញ្ហាប្រឈមចម្បងៗ ដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមមុខ រួមមាន បញ្ហាសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ដ៏ធ្ងន់ធរនៃបាតុភូតអែលនីញ៉ូ (El Niño) នៅពេលខាងមុខ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែលើការការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តកៀរគរធនធាន និងបច្ចេកវិទ្យា ដើម្បីអនុវត្តផែនការការពារតំបន់ការពារធម្មជាតិ សំដៅការពារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព។
ដើម្បីធានាបាននូវការការពារ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព លោករដ្ឋមន្រ្តី បានថ្លែងនូវផែនការការកៀរគរការចូលរួម ការត្រៀមលក្ខណៈសម្បទា និងការអន្តរាគមន៍បន្ទាន់យ៉ាងច្បាស់លាស់។
លើសពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត លើកឡើងពីការគម្រោងបង្កើតឱ្យមានវេទិការពិភាក្សា ការត្រៀមបង្ការ ការឆ្លើយតបរួមគ្នាចំពោះបាតុភូត នៃគ្រោះហន្តរាយខាងលើ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យរដ្ឋ ឯកជន ដៃគូជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា នៅចំពោះមុខ ក្រសួងបរិស្ថានបានគិតគូលើវិធានការតឹងរ៉ឹង និងការផ្សព្វផ្សាយណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងសហគមន៍ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង ដើម្បីទប់ស្កាត់គ្រោះហន្តរាយភ្លើងព្រៃ ដែលបង្កឡើងដោយការឡើងកំដៅផែនដី និងបាតុភូត El Niño និងការពង្រឹងការរក្សាប្រភពទឹក ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីធានាថាសត្វព្រៃគ្រប់ប្រភេទ អាចមានលទ្ធភាពប្រើប្រាស់៕














