អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល នាំអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ១គ្រួសារ នៅឃុំអូតាគី
02-11-2026 22:28
(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍របស់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក តេង គឹមស៊ាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនូវផ្ទះ ១ខ្នង ដែលបានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦កន្លងទៅ ស្ថិតនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក តេង គឹមស៊ាន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរ និងក្តីបារម្ភជាទីបំផុតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក សុខ លូ ដែលជានិច្ចកាលតែងតែក្តាប់ជាប់ពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងគ្រប់ពេលវេលា និងសូមថែរក្សាសុខភាពអោយបានល្អ តស៊ូប្រកបរបចិញ្ចឹមជីវិត និងកុំបាក់ទឹកចិត្ត ។
អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកផ្តល់ជូនក្នុងមួយគ្រួសាររួមមាន ៖ អង្ករ ៥០គីឡូក្រាម, ទឹកត្រី និងទឹកស៊ីអ៊ីវ ២យួរ, ទឹកសុទ្ធ ២ កេស , មី ២ កេស, ត្រីខ២ យួរ, ប្រេងឆា២ដប, ឃីត ១កញ្ចប់ (សារុង ក្រមា១ កន្សែងពោះគោ) ខោអាវ ក្មេង និងមនុស្សវ័យជំទង់ មួយចំនួនព្រមទាំងថវិកាមួយចំនួនផងដែរ៕




