សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភអាវរងារជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩
02-11-2026 21:25
(ស្វាយរៀង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធជាតិ ដោយបានឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាជាអាវរងារជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩។
ពិធីប្រគល់ទទួលអំណោយនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកវរសេនីយ៍ឯក យ៉ន សុផល មេបញ្ជាការវរសេនាតូច ដែលបានទទួល និងបន្តចែកជូនដល់កងកម្លាំងក្រោមឱវាទដោយផ្ទាល់។
ការឧបត្ថម្ភអាវរងារនេះ គឺដើម្បីរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់កងកម្លាំងដែលកំពុងឈរជើងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋ ជាពិសេសក្នុងរដូវកាលដែលមានអាកាសធាតុត្រជាក់។
អំណោយដ៏មានតម្លៃនេះ មិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចិត្តដ៏ធំធេងមួយបង្ហាញពីការគិតគូរ និងការដឹងគុណរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំង។ ការយកចិត្តទុកដាក់នេះ នឹងជំរុញស្មារតីវីរភាព និងការប្តេជ្ញាចិត្តរបស់កងកម្លាំងឱ្យកាន់តែរឹងមាំក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕




