FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា ជំរុញការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ

02-11-2026 19:33

(កំពង់ធំ)៖ លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា បានចាត់ទុកការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ជាការងារអាទិភាព និងចាំបាច់ ដើម្បីពង្រីកការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ សំដៅជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងទប់ស្កាត់ហានិភ័យដែលអាចកើតចេញពីការប្រើប្រាស់សេវាហិរញ្ញវត្ថុមិនស្របច្បាប់។

ការលើកឡើងរបស់លោក លោក ឡាយ សុខហេង ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» ដែលរៀបចំឡើងនៅស្រុកប្រាសាទសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ឡាយ សុខហេង បានលើកឡើងថា ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយតម្លាភាព និងក្រមសីលធម៌ គឺផ្តល់នូវគុណតម្លៃយ៉ាងសំខាន់ដល់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ ការពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុ ការពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ភាពងាយស្រួល និងរហ័សទាន់ចិត្ត ព្រមទាំងការកាត់បន្ថយថ្លៃប្រតិបត្តិការតាមរយៈថ្នាលឌីជីថល ក៏បានរួមចំណែកផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជាផងដែរ។

លោកបានបន្ថែមថា បើទោះបីធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធបានខិតខំផ្សព្វផ្សាយ ចំណេះដឹងហិរញ្ញវត្ថុយ៉ាងសកម្ម តាមរយៈការចុះផ្សព្វផ្សាយផ្ទាល់ នៅតាមមូលដ្ឋាន និងប្រព័ន្ធឌីជីថលក៏ដោយ ក៏បញ្ហាកម្ចីខុសច្បាប់នៅតែបន្តកើតមាន ដែលអាចធ្វើឱ្យប្រជាពលរដ្ឋ ធ្លាក់ក្នុងស្ថានភាពជំពាក់បំណុលវ័ណ្ឌក ដោះស្រាយមិនរួច និងបង្កជាវិបត្តិដល់គ្រួសារ សហគមន៍ និងការអភិវឌ្ឍសង្គម។

លោក ឡាយ សុខហេង បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គម ក៏អាចបង្កឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំរវាងគ្រឹះស្ថានហិរញ្ញវត្ថុដែលប្រតិបត្តិការស្របច្បាប់ និងសកម្មភាពផ្តល់កម្ចីខុសច្បាប់ផងដែរ។ ដូច្នេះការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាការងារដ៏ចាំបាច់ ដែលត្រូវបន្តអនុវត្តដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបានបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យវិស័យធនាគារ ក្នុងគោលដៅធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាព សុចរិតភាព និងតម្លាភាព ព្រមទាំងគិតគូរដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រកបដោយចីរភាពនៃប្រព័ន្ធធនាគារ។

លោកបញ្ជាក់ថា ជាក់ស្តែង ធនាគារជាតិនៃកម្ពុជា បានដាក់ចេញ និងបន្តអនុវត្តវិធានការសំខាន់ៗមួយចំនួន រួមមាន ការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងនៅទីស្នាក់ការកណ្តាល និងសាខា ការសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីពង្រឹងប្រព័ន្ធ Smart Hotline Scam និងការពង្រឹងយន្តការដោះស្រាយបណ្តឹងរបស់អតិថិជន។

ធនាគារជាតិនៃកម្ពុជា ក៏បន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជននៅតាមបណ្តាខេត្ត ក្រុង និងស្រុក ព្រមទាំងផ្សព្វផ្សាយបទប្បញ្ញត្តិ និងប្រធានបទថ្មីៗតាមបណ្តាញសង្គមផ្លូវការ។

ការផ្សព្វផ្សាយនេះក៏ត្រូវបានពង្រីកទៅដល់កម្មករ-កម្មការិនីនៅតាមរោងចក្រ សិស្សានុសិស្ស និងនិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា តាមរយៈកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។

ការខិតខំប្រឹងប្រែងទាំងនេះ មានគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការជ្រើសរើស និងប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ចេះការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ព្រមទាំងជៀសវាងហានិភ័យពីការផ្តល់សេវាហិរញ្ញវត្ថុខុសច្បាប់ ដែលជាកត្តាសំខាន់ក្នុងការរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕