អ្នកនាំពាក្យក្រសួងការពារជាតិ រំលេចគោលការណ៍គ្រឹះ ៧ចំណុច ដែលកងទ័ពត្រូវយកឈ្នះលើខ្លួនឯង ដើម្បីសម្រេចបានជ័យជម្នះ និងភាពរឹងមាំ
02-11-2026 17:49
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានចែករំលែកនូវទស្សនវិស័យយោធាដ៏មានអត្ថន័យជ្រាលជ្រៅស្តីពី «ជ័យជម្នះចាប់ផ្តើមពីការយកឈ្នះលើខ្លួនឯង» ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា មុននឹងឈានទៅយកឈ្នះលើគូបដិបក្ខ កងទ័ពត្រូវតែយកឈ្នះលើចំណុចខ្សោយរបស់ខ្លួនឯងជាមុនសិន ព្រោះការហ្វឹកហាត់គឺជាការកសាងសមត្ថភាព ចំណែកឯវិន័យគឺជាកត្តាស្នូលដែលប្រែក្លាយសមត្ថភាពនោះឱ្យក្លាយជាកម្លាំងដ៏រឹងមាំ។
តាមរយៈសារដាស់តឿន និងពង្រឹងស្មារតីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកជាសំណួរ និងបង្ហាញនូវចំណុចសំខាន់ៗចំនួន ៧ ដែលយោធិនគ្រប់រូបត្រូវយកឈ្នះឱ្យបាន រួមមាន៖
១. យកឈ្នះលើភាពភ័យខ្លាច៖ ត្រូវប្រកាន់ខ្ជាប់នូវភាពក្លាហានប្រកបដោយស្មារតីនឹងនរ ចេះវាយតម្លៃស្ថានការណ៍ឱ្យបានត្រឹមត្រូវ និងចៀសវាងការធ្វើសកម្មភាពដោយប្រថុយប្រថាន។
២. យកឈ្នះលើភាពខ្ជិល និងការស្រឡាញ់ភាពស្រណុក៖ ត្រូវប្តេជ្ញាចិត្តខិតខំហ្វឹកហាត់ ពង្រឹងកាយសម្បទា ចំណេះដឹង និងជំនាញយោធាជាប់ជាប្រចាំ។
៣. យកឈ្នះលើកំហឹង និងអារម្មណ៍ឆេវឆាវ៖ ត្រូវចេះអត់ធ្មត់ ទប់ចិត្ត ធ្វើការសម្រេចចិត្តដោយផ្អែកលើហេតុផលច្បាស់លាស់ និងមិនត្រូវធ្លាក់ចូលទៅក្នុងឧបាយកលញុះញង់ឡើយ។
៤. យកឈ្នះលើទម្លាប់ខ្វះវិន័យ៖ វិន័យត្រូវតែផ្តើមចេញពីខ្លួនឯងផ្ទាល់ ទាំងការគោរពពេលវេលា ការរៀបចំស្លៀកពាក់ សម្តីសំដៅ អាកប្បកិរិយា និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច។ ជាមួយគ្នានេះ យោធិនត្រូវតែគោរពបទបញ្ជាថ្នាក់លើ រក្សាការសម្ងាត់ការងារ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់បណ្តាញសង្គម។ ទោះបីជាស្ថិតក្នុងស្ថានភាពមានអ្នកត្រួតពិនិត្យ ឬគ្មានក្តី ក៏ត្រូវរក្សាភាពស្មោះត្រង់ប្រកាន់ខ្ជាប់នូវវិន័យដូចគ្នា ដោយមិនធ្វើអ្វីតាមតែទំនើងចិត្ត មិនរកលេសដោះសារ និងមិនគេចវេសពីការទទួលខុសត្រូវជាដាច់ខាត។
៥. យកឈ្នះលើភាពអំណួត និងការមើលស្រាលគូបដិបក្ខ៖ ត្រូវដឹងឱ្យច្បាស់ពីសមត្ថភាព និងចំណុចខ្វះខាតរបស់ខ្លួនឯង ចេះបើកចិត្តស្តាប់ រៀនសូត្រ និងទទួលយកការកែលម្អដើម្បីការអភិវឌ្ឍកាន់តែប្រសើរ។
៦. យកឈ្នះលើភាពអាត្មានិយម៖ ត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិ និងស្មារតីសាមគ្គីភាពជាធំ ព្រមទាំងចេះសហការ ចែករំលែក និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមិត្តរួមអាវុធ។
៧. យកឈ្នះលើការបាក់ទឹកចិត្ត និងចិត្តចង់បោះបង់៖ ត្រូវបណ្តុះស្មារតីតស៊ូ អត់ធ្មត់ខ្ពស់ និងចេះរៀនសូត្រពីកំហុសឆ្គងកន្លងមក ដើម្បីបន្តបោះជំហានទៅមុខជានិច្ច។
ជាចុងក្រោយ អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា កម្លាំងពិតប្រាកដរបស់កងទ័ព គឺកើតចេញពីវិន័យផ្ទាល់ខ្លួន ស្មារតីរឹងមាំ និងការរួបរួមជាធ្លុងមួយ ស្របតាមទស្សនៈ «វិន័យនាំមកនូវជ័យជម្នះ និងសេចក្តីថ្លៃថ្នូរ» សម្រាប់ជាតិ និងកងយោធពលខេមរភូមិន្ទ៕


