ARDB និងFASMEC បង្ហាញលទ្ធផល វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ឆ្នាំ២០២៦៖ រួមគ្នាកាត់បន្ថយគម្លាតហិរញ្ញប្បទាន ដើម្បីកំណើន MSMEs
02-11-2026 17:03
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្ហាញលទ្ធផល នៃការរៀបចំវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី១ ឆ្នាំ២០២៦ ប្រកបដោយជោគជ័យ ដោយភាគីពាក់ព័ន្ធរួមគ្នាកាត់បន្ថយគម្លាតហិរញ្ញប្បទាន ដើម្បីកំណើន MSMEs។
វេទិកានេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទដ៏សំខាន់ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs»។
វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមយ៉ាងផុសផុលពីភាគីពាក់ព័ន្ធ និង MSMEs ជាច្រើនស្ថាប័ន។
នាឱកាសនោះដែរ លោកណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានលើកឡើងនូវសារដ៏មានអត្ថន័យថា «រួមគ្នាកាត់បន្ថយគម្លាតហិរញ្ញប្បទាន ដើម្បីកំណើន MSMEs» និងបានផ្ដល់អនុសាសន៍គន្លឹះចំនួនបី ដើម្បីជំរុញវិស័យនេះ រួមមាន៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គួរវាយតម្លៃសហគ្រិនខ្មែរលើសក្តានុពលនៃសហគ្រាសរបស់ពួកគាត់ មិនត្រឹមតែលើតួលេខ និងទ្រព្យធានាប៉ុណ្ណោះទេ សហគ្រិនខ្មែរត្រូវប្រើប្រាស់ទុនឱ្យចំគោលដៅ ព្រមទាំងពង្រឹងគុណភាព សុវត្ថិភាព និងភាពស្មោះត្រង់ជាមួយអតិថិជន និងជនរួមជាតិខ្មែរទាំងអស់ ត្រូវរួមគ្នាបណ្តុះគំនិតគាំទ្រផលិតផលខ្មែរ។
វេទិកានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងជំរុញកំណើន MSMEs ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ តាមរយៈការពិភាក្សា និងការផ្លាស់ប្តូរទស្សនៈយោបល់ក្នុងវេទិកានេះ គេរំពឹងថានឹងមានដំណោះស្រាយ និងយន្តការថ្មីៗជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ MSMEs ឱ្យកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមអានខ្លឹមសារលម្អិតខាងក្រោម៖










