FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកិច្ចការនារី សហការជាមួយដៃគូអន្តរជាតិ ចែកកញ្ចប់សម្ភារចាំបាច់ ៣,៣១៨កញ្ចប់ជូនស្ត្រី និងក្មេងស្រីរងគ្រោះ នៅ «ភូមិរង់ចាំ»

02-11-2026 16:07

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) រួមនឹងក្រសួងកិច្ចការនារី បានសហការជាមួយមូលនិធិ ប្រជាជនសហប្រជាជាតិ (UNFPA) ឯកឧត្តមឯកគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានរៀបចំ «ពិធីជូនកញ្ចប់សម្ភារប្រើប្រាស់ចាំបាច់សម្រាប់ស្ត្រី និងក្មេងស្រី» (Dignity Kits) ចំនួន៣,៣១៨កញ្ចប់ស្នើ៣ពាន់៣រយ១៤គ្រួសារ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃសង្គ្រាម និងគ្រោះមហន្តរាយ។

ពិធីនេះ ត្រូវបានរៀបចំឡើងនៅភូមិរង់ចាំ ឃុំស្ករក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោក អ៊ុក ឃ្នួច អនុប្រធាន គ.ជ.គ.ម. តំណាងកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. ដោយមានការចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុន, លោកស្រី Sandra Bernklau តំណាង UNFPA និងលោកស្រី តាំង សុភាព នាយិការងអង្គការ TPO។

លោក អ៊ុំ រាត្រី ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅថ្នាក់ដឹកនាំ ស្ថាប័នក្រសួងពាក់ព័ន្ធ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងពិសេសម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍នានា តែងតែយកចិត្តទុកដាក់បំផុតលើការរស់ និងជួយស្បៀង សម្ភារបន្តបន្ទាប់ដល់ប្រជាពលរដ្ឋ នៃ «ភូមិរង់ចាំ» នេះ។

ជាក់ស្តែងក្នុងឱកាសនេះ ប្រជាពលរដ្ឋមួយគ្រួសារទទួលបានឃិតក្នុង១កញ្ចប់មាន៖ ១.ក្រមា, ២.សារុង, ៣.សាប៊ូបោកខោអាវ, ៤.សាប៊ូដុសខ្លួន, ៥.សំឡីអនាម័យ, ៦.ថ្នាំដុសធ្មេញ, ៧.ពិល, ៨.សៀវភៅណែនាំរបៀបប្រើប្រាស់សម្ភារ, និង ៩.កាបូបដែលមិនប៉ះពាល់បរិស្ថាន។

គូសបញ្ជាក់ថា អង្គការ UNFPA, រដ្ឋាភិបាលជប៉ុន និងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារៈ និងថវិកា ជាពិសេសក្នុងវិស័យសុខភាពផ្លូវភេទ និងបន្តពូជ សុខភាពមាតានិងទារក ការឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ព្រមទាំងការងារឆ្លើយតបក្នុងគ្រាអាសន្ន។

ជាពិសេសជាងនេះទៅទៀត ការគាំទ្រផ្នែក ការស្តារស្មារតី និងសុខភាពផ្លូវចិត្ត (Mental Health Support) របស់អង្គការ UNFPA និង TPO គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រី និងក្មេងស្រីដែលរងគ្រោះ។

ការបន្តគាំទ្រពីដៃគូអភិវឌ្ឍន៍ទាំងអស់ មិនត្រឹមតែជាជំនួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការរួមចំណែកដោយផ្ទាល់ដល់ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រី និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។

រាជរដ្ឋាភិបាល នឹងបន្តលើកម្ពស់សមភាពយេនឌ័រតាមរយៈ៖១. ការបង្កើនការវិនិយោគលើសមភាពយេនឌ័រ, ២. ការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ និងសុខាភិបាល, ៣. ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

លោក ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុន, បានគាំទ្រផ្នែក ការស្តារស្មារតី និងសុខភាពផ្លូវចិត្ត (Mental Health Support) របស់អង្គការ UNFPA និង TPO គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រី និងក្មេងស្រីដែលរងគ្រោះ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ ដោយលោកស្រី ខាវ ដាង អគ្គលេខារង ក្នុងនាមតំណាងថ្នាក់ដឹកនាំ គ.ជ.គ.ម.បានរំលេចថា ក្នុងបរិបទដែលកម្ពុជាជួបប្រទះនូវផលប៉ះពាល់ពីគ្រោះមហន្តរាយបង្កឡើងដោយសង្គ្រាមឈ្លានពាន ជម្លោះនេះមិនមែនជាអ្វីដែលកម្ពុជាចង់បានឡើយ។

ការរំលឹកអំពីសង្គ្រាម មិនមែនដើម្បីបង្កើតការស្អប់ខ្ពស់នោះទេ ផ្ទុយទៅវិញវាគឺជាការរំលឹកអំពីតម្លៃនៃសន្តិភាព និងជាមេរៀនថាសង្គ្រាមតែងតែធ្វើឱ្យប្រជាពលរដ្ឋសាមញ្ញ និងកុមារក្លាយជាជនរងគ្រោះមុនគេ។ កម្ពុជាគឺជាជនរងគ្រោះពិតប្រាកដ (សំដៅលើផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាជនភៀសសឹក និងសិស្សានុសិស្សជាច្រើននាក់)។
សកម្មភាពមនុស្សធម៌នេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបការសង្គ្រោះដំបូង និងការស្តារឡើងវិញ ដែលមិនមែនជាការទទួលខុសត្រូវដាច់ដោយឡែករបស់ក្រសួង ស្ថាប័ន ឬអាជ្ញាធរណាមួយនោះឡើយ។

លោកស្រីរដ្ឋមន្រ្តី អ៉ឹង កន្ថាផាវី បានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, តំណាងមូលនិធិអង្គការ UNFPA, ស្ថានទូតជប៉ុនប្រចាំកម្ពុជា, អង្គការ TPO, លោកអភិបាលខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា ជំនួយមនុស្សធម៌នេះមិនត្រឹមតែជាការឆ្លើយតបបន្ទាន់ចំពោះតម្រូវការសុខភាព និងអនាម័យរបស់ស្ត្រីនិងក្មេងស្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការគាំទ្រដល់ផ្នែកស្មារតី និងសុខភាពផ្លូវចិត្តដល់ជនភៀសសឹកដែលរងផលប៉ះពាល់ផងដែរ។

លោកស្រី បានលើកឡើងថា សកម្មភាពនេះស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការកសាងភាពធន់ក្នុងសហគមន៍។

គោលនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បាននិងកំពុងដាក់ឱ្យអនុវត្តនូវគោលការណ៍ផែនការនយោបាយជាតិ លើវិស័យអប់រំ សុខាភិបាល ការងារកិច្ចការនារី និងនយោបាយជាតិស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសារ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្ត្រី និងកុមារក្នុងគ្រួសារក្រីក្រ។

បន្ទាប់មកគណៈអធិបតី ក៏បានអញ្ជើញសំណេះសំណាលប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលជាសមាជិកសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងពិនិត្យមើលវិស័យអប់រំ នៅវិទ្យាល័យរង់ចាំ និងបានចែកជូននៅវត្ថុអនុស្សាវរីយ៍ នូវសៀវភៅ និងប៊ិច និងសម្ភារមួយចំនួនផងដែរ៕