FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេអាវុធហត្ថខេត្តតាកែវ៖ សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យអុំទូករយៈពេល២ថ្ងៃ ត្រូវបានការពារយ៉ាងល្អប្រសើរ

02-11-2026 16:04

(តាកែវ)៖ ក្នុងឱកាសពិធីបុណ្យអុំទូករយៈពេល ២ថ្ងៃ ដែលរដ្ឋបាលខេត្តតាកែវបានរៀបចំពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្រាប់ការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ គឺមានភាពល្អប្រសើរ ពោលគឺពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា នៅក្នុងពិធីបុណ្យអុំទូករយៈពេល ២ថ្ងៃនេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការដាក់ពង្រាយនៅតាមផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ជាពិសេសនៅទីតាំងសួនច្បារមាត់បឹងតាកែវ និងដាក់កម្លាំងល្បាតតាមទូកលើផ្ទៃបឹង ដើម្បីសង្គ្រោះកីឡាករអុំទូកបើមានករណីលិចទូក។ ហើយយើងក៏មានកម្លាំងល្បាតនៅទីតាំងកន្លែងប្រារព្ធពិធី ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងជួយទប់ស្កាត់មិនឱ្យមានបញ្ហាអ្វីកើតឡើងនោះទេ។

លោកឧត្តមសេនីយ៍ត្រី សេង មហា បានបន្ថែមថា នៅក្នុងពិធីបុណ្យអុំទូកឆ្នាំ២០២៦នេះ មានករណីវង្វេងក្មេងប្រមាណ ១០នាក់ ក៏ប៉ុន្តែកម្លាំងសមត្ថកិច្ចអាវុធហត្ថ និងកម្លាំងនគរបាលបានស្វែងរកឃើញ និងយកប្រគល់ជូនអាណាព្យាបាលវិញទាំងអស់។

និយាយជារួម បុណ្យអុំទូកឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ព្រោះកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយ និងល្បាតជាប្រចាំ។ ហើយក្រៅពីថែរក្សាសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលមកចូលរួមលេងកម្សាន្ត នៅក្នុងឱកាសបុណ្យអុំទូក កងរាជអាវុធហត្ថខេត្តក៏បានជួយសម្រួលចរាចរណ៍នៅកន្លែងមួយចំនួន កុំឱ្យមានការកកស្ទះផងដែរ៕