មន្ទីរព័ត៌មានខេត្តព្រៃវែង បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
02-11-2026 15:13
(ព្រៃវែង)៖ មន្ទីរព័ត៌មានខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក អន ភារៈ អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១,៥០០នាក់។
លោក អន ភារៈ បានគូសបញ្ជាក់ថា យុទ្ធនាការនេះជាការបន្តបេសកកម្មដ៏សំខាន់របស់ក្រសួងព័ត៌មាន ក្នុងការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាសន្តិសុខព័ត៌មាន និងការពារសិទ្ធិប្រជាពលរដ្ឋឱ្យទទួលបានព័ត៌មានប្រកបដោយគុណភាព។ យុទ្ធនាការជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នេះ ផ្តោតលើសិស្សវិទ្យាល័យ និងអនុវិទ្យាល័យទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ បង្កើនការយល់ដឹងពីសិទ្ធិទទួលបានព័ត៌មានពិត ជំរុញការគិតវិភាគមុនចែករំលែក និងស្វែងយល់ពីផលវិបាកនៃព័ត៌មានក្លែងក្លាយ។
លោក ម៉ែន សាម៉ន បានមានប្រសាសន៍ថា ការរៀបចំយុទ្ធនាការនេះ គឺសមស្របទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដែលធ្វើឱ្យការទទួល និងចែករំលែកព័ត៌មានកាន់តែងាយស្រួល ប៉ុន្តែក៏ជាច្រកនៃការរីករាលដាលព័ត៌មានក្លែងក្លាយផងដែរ។ ព័ត៌មានក្លែងក្លាយអាចបង្កការភ័យខ្លាច ការភាន់ច្រឡំ ការបែកបាក់សាមគ្គីភាព និងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស។
ក្រសួងព័ត៌មានបានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដើម្បីប្រែក្លាយយុវជនម្នាក់ទៅជាភ្នាក់ងារផ្តល់ និងចែករំលែកព័ត៌មានពិត និងជាភ្នាក់ងារឌីជីថលល្អ ដែលមានសមត្ថភាពប្រើប្រាស់ព័ត៌មានប្រកបដោយការយល់ដឹង និងទំនួលខុសត្រូវខ្ពស់។ ដូច្នេះ សិស្សានុសិស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងជឿ ឬចែករំលែកព័ត៌មានណាមួយ៕
















