អភិបាលខេត្តតាកែវ លើកទឹកចឹត្តសិស្សានុសិស្ស សិក្សាស្រាវជ្រាវបន្ថែមលើបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីពង្រឹងសមត្ថភាព
02-11-2026 15:11
(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ ២០២៦-២០២៧ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យភ្ញីមាស ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៦នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមលើការប្រើប្រាស់បច្ចេកវិទ្យាជាពិសេសបញ្ញាសិប្បនិម្មិត AI ឲ្យទាន់ទៅនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី។
លោក វ៉ី សំណាង បានលើកឡើងថា ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាកត្តាគ្រឹះដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់កម្ពុជា ក្នុងការបោះជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើននាពេលអនាគត ឆ្លងតាមរយៈបទពិសោធន៍ជាក់ស្ដែងពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ ដែលមានការអភិវឌ្ឍរីកចម្រើនខ្លាំងលើបញ្ហាបច្ចេកវិទ្យា ដូច្នោះសូមសិស្សានុសិស្ស ត្រូវសិក្សាបន្ថែមលើមុខវិជ្ជាបច្ចេកវិទ្យា ពិសេសគឺបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូររបៀបរស់នៅ ការបំពេញការងារ និងការអភិវឌ្ឍសង្គមជាតិក្នុងយុគសម័យឌីជីថល ។
លោកអភិបាលខេត្ត បានពន្យល់បន្ថែមថា បច្ចេកវិទ្យា AI គឺជាឧបករណ៍ដ៏មានឥទ្ធិពល ដែលអាចជួយសម្រួលដល់ការងារស្មុគស្មាញ និងចំណាយពេលយូរឱ្យរួចរាល់បានយ៉ាងឆាប់រហ័ស ជួយកាត់បន្ថយកំហុសឆ្គង កាត់បន្ថយពេលវេលាបំពេញភារកិច្ច ក៏ដូចជាជួយពង្រឹងសមត្ថភាពមនុស្សឱ្យធ្វើការងារបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្កើតឱកាសថ្មីៗសម្រាប់អនាគត ។
លោក វ៉ី សំណាង ក៏បានណែនាំដល់សិស្សានុសិស្សទាំងអស់ ចេះប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម (Social Media) ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានសីលធម៌ ដើម្បីនាំមកនូវផលប្រយោជន៍ពិតប្រាកដដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ៕












