FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ណែនាំដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ បន្តចូលរួមអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់

02-11-2026 14:53

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ជានិមិត្តរូបនៅវិទ្យាល័យទួលប្រាសាទសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា លោក លោកស្រី គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សជាច្រើនរូប។

បន្ទាប់ពីបានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ រួចមក លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំសិក្សា២០២៦-២០២៧ ជានិមិត្តរូបនៅវិទ្យាល័យទួលប្រាសាទសែនសុខ រាជធានីភ្នំពេញ។ ការបញ្ចប់ឆ្នាំសិក្សា២០២៥-២០២៦ ប្រកបដោយលទ្ធផលល្អប្រសើរ បានបង្ហាញតាមរយៈអត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៩៥% និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រអប់រំបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ចំនួន ៨៤% ក្នុងនោះ សិស្សទទួលបាននិទ្ទេស A ចំនួន ២ ០៤៤នាក់។

សមិទ្ធផលទាំងនេះ ក៏ឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃកំណែទម្រង់សាលារៀន និងគ្រូបង្រៀន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះកម្ពុជាក៏សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការចូលរួមការវាយតម្លៃសមត្ថភាពសិក្សាកម្រិតតំបន់ SEA-PLM ២០២៤ និងកម្រិតអន្តរជាតិ PISA ២០២៥។ ក្នុងន័យនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេស នាយក នាយិកា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការដឹកនាំ និងដំណើរការសាលារៀន ការបង្រៀន និងការរៀនប្រកបដោយប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំកម្ពុជា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ឱ្យបន្តចូលរួមអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ភាពសកម្ម និងស្មារតីបុរេសកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សិស្សានុសិស្ស និងការអភិវឌ្ឍប្រទេសជាតិ។

ទន្ទឹមនឹងនេះសូមស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាពិសេសមាតាបិតា និងអ្នកអាណាព្យាបាលសិស្សនៅទូទាំងប្រទេស បន្តចូលរួមគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីធានាឱ្យសិស្សានុសិស្សទទួលបានការអប់រំប្រកបដោយគុណភាព និងក្លាយជាបុគ្គលដែលមានសមត្ថភាពពេញលេញ ទាំងចំណេះដឹង ជំនាញ វិន័យ សីលធម៌ ស្មារតីរឹងមាំ និងសុខភាពល្អប្រសើរ ជាពិសេសជាធនធានមនុស្សបន្តវេនដ៏មានសក្ដានុពល ក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍជាតិមាតុភូមិ៕