FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុណ្យអុំទូករយៈពេល២ថ្ងៃ ក្នុងខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១លាននាក់

02-11-2026 14:44

(តាកែវ)៖ ក្នុងរយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូកដែលរដ្ឋបាលខេត្តតាកែវ រៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលរួមលេងកម្សាន្តចំនួនជាង១លាននាក់។

លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានថ្លែងឲ្យដឹងថា ពិធីបុណ្យអុំទូកក្នុងខេត្តតាកែវ ឆ្នាំ ២០២៦នេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងបងប្អូនប្រជាពលរដ្ឋ មកពីបណ្ដារាជធានីខេត្តផ្សេងៗទៀតឲ្យមកចូលរួមយ៉ាងច្រើនកុះករ ហើយបើយើងបូកសរុបទៅក្នុងរយៈពេល២ថ្ងៃនេះ មានភ្ញៀវទេសចរចំនួនជាង១លាន១សែននាក់បានមកចូលមកលេងកម្សាន្ត ក្នុងចំណោមភ្ញៀវទាំងអស់នោះ មានភ្ញៀវបរទេសចំនួន៥៧២នាក់។

បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ មូលហេតុដែលអាចទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ឲ្យមកចូលរួមកម្សាន្តក្នុងពិធីបុណ្យអុំទូកក្នុងខេត្តតាកែវ ក៏ព្រោះតែខេត្តតាកែវកំពុងតែមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សួនច្បារ ជាពិសេសខេត្តតាកែវ ទើបតែកសាងរូបសំណាកបង្កងដ៏ធំមួយនៅបឹងតាកែវ ដែលរូបសំណាកបង្កងនេះកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំងតាមបណ្ដាញសង្គម និងដែលនាំឲ្យភ្ញៀវទេសចរ ចង់មកមើលដោយផ្ទាល់និងផ្ដិតយករូបភាពរូបបង្កងនេះ។

គួរ​បញ្ជាក់​ថា ដើម្បីចូលរួមអបអរសាទរ «ពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ» ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តតាកែវបានរៀបចំពិធីបុណ្យអុំទូករយៈពេល២ថ្ងៃនៅសួនច្បារមាត់បឹងតាកែវ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងពិធីបុណ្យអុំទូកនេះមានព្រឹត្តិការណ៍ជាច្រើនត្រូវបានអាជ្ញាធរខេត្តបង្កើតឡើងរួមមានពិធីរត់ចម្ងាយមហាជនរយៈចម្ងាយ១០គីឡូម៉ែត្រ ការប្រគំតន្ត្រី និងការតាំងពិព័រណ៍និងកម្មវិធីសប្បាយៗជាច្រើនទៀត ដែលនឹងនាំឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពសប្បាយដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕