អភិបាលខេត្តបាត់ដំបង អញ្ជើញចែកស្រូវពូជជូនប្រជាកសិករ ៣៧៦គ្រួសារ ដើម្បីស្តារជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកសង្កែ
02-11-2026 14:37
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងសហការី នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះចែកស្រូវពូជដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករចំនួន ៣៧៦គ្រួសារ ក្នុងឃុំវត្តតាមិម និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការស្តារឡើងវិញនូវការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់។
ក្នុងឱកាសនោះ លោក សុខ លូ បានមានប្រសាសន៍ថា ការផ្ដល់ស្រូវពូជជូនដល់ប្រជាកសិករនាពេលនេះ គឺជាការយកចិត្តទុកដាក់ និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលការលំបាក និងផ្ដល់លទ្ធភាពឱ្យបងប្អូនប្រជាកសិករអាចចាប់ផ្ដើមស្តារការបង្កបង្កើនផលឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។
ជាមួយគ្នានេះ លោកបានណែនាំក្រុមការងារពាក់ព័ន្ធឱ្យបន្តជំរុញការចែករំលែកស្រូវពូជឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីឱ្យប្រជាកសិករបានប្រើប្រាស់ស្រូវពូជសម្រាប់ការដាំដុះទាន់ពេលវេលាតាមរដូវកាល។
លោកបានគូសបញ្ជាក់ថា កន្លងមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ស្រូវពូជជូនប្រជាកសិករចំនួន ១០,៧០០ គ្រួសាររួចមកហើយ ហើយនៅថ្ងៃនេះ រដ្ឋបាលខេត្ត និងក្រុមការងារពាក់ព័ន្ធបានបន្តចែកជូន ប្រជាកសិករចំនួន ៣៥៦ គ្រួសារបន្ថែមទៀត។ ស្រូវពូជដែលផ្ដល់ជូននេះ គឺជាពូជមានគុណភាពល្អរបស់រាជរដ្ឋាភិបាល ដែលអាចជួយគាំទ្រដល់ការស្តារផលិតកម្មស្រូវរបស់ប្រជាកសិករឡើងវិញ។
លើសពីនេះ លោកបានសំណូមពរបងប្អូនប្រជាកសិករឱ្យខិតខំយកចិត្តទុកដាក់ក្នុងការដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់អប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមមូលដ្ឋានរៀងៗខ្លួន។
លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបន្តសាមគ្គីភាព រួមគ្នាជាធ្លុងមួយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។
ប្រជាកសិករដែលទទួលបានស្រូវពូជសម្តែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ និងផ្ដល់ជំនួយជាស្រូវពូជទាន់ពេលវេលា ដើម្បីជួយសម្រួលដល់ការស្តារការបង្កបង្កើនផល និងស្តារជីវភាពគ្រួសាររបស់ពួកគាត់ឡើងវិញ៕



























