លោក ស្បោង សារ៉ាត ដឹកនាំពិធីបុណ្យកឋិនទានប្រមូលបច្ច័យបានជាង ២២លានរៀល ដើម្បីកសាងសមិទ្ធផលក្នុងវត្តត្រពាំងព្រីង ខេត្តព្រៃវែង
02-11-2026 14:35
(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសហការី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមយ៉ាងសកម្មក្នុងពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ក្នុងវត្តថ្មីសិរីឧត្តម ហៅវត្តត្រពាំងព្រីង ដែលស្ថិតនៅឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ពិធីបុណ្យនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងពោរពេញដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក ស្បោង សារ៉ាត និងសហការី រួមជាមួយបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្ត និងសាធារណជន បាននាំយកបច្ច័យសរុបចំនួន ២២,៨៧០,០០០រៀល (ម្ភៃពីរលានប្រាំបីសែនប្រាំពីរម៉ឺនរៀល) ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តបន្ថែមទៀត។
ការចូលរួមបរិច្ចាគនេះ បានបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ បច្ច័យដែលបានពីពិធី បុណ្យកឋិនទាននេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងវត្ត ដូចជា ព្រះវិហារ កុដិសង្ឃ និងសមិទ្ធផលផ្សេងៗទៀត ដើម្បីបម្រើដល់ការសិក្សាធម៌វិន័យ និងការប្រតិបត្តិធម៌របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ។
សូមបញ្ជាក់ថា បុណ្យកឋិនទាន គឺជាទានដែលមានកាលកំណត់ (កាលទាន) ធ្វើឡើងចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ដែលមានរយៈពេលតែ ២៩ថ្ងៃប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយវត្តនីមួយៗអាចទទួលកឋិនបានតែម្តងគត់៕











