អភិបាលស្រុកឆែប ខេត្តព្រះវិហារ ព្រមានចាត់វិធានការតាមច្បាប់ចំពោះពលរដ្ឋខ្មែរ ដែលឆ្លងដែនទៅលេងល្បែងជល់មាន់ក្នុងទឹកដីឡាវ
02-11-2026 14:32
(ព្រះវិហារ)៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ បានណែនាំ និងព្រមានប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ឲ្យបញ្ឈប់ការឆ្លងដែនទៅលេងល្បែងស៊ីសងជល់មាន់ក្នុងទឹកដីឡាវ ដោយលោកបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ចរកឃើញថា មានការឆ្លងដែនពាក់ព័ន្ធនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់នេះ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
លោក ឃិត សុធារ៉ា បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ពាក់ព័ន្ធនឹងព័ត៌មានដែលថា មានប្រជាពលរដ្ឋខ្មែរមួយចំនួនឆ្លងដែនទៅលេងល្បែងជល់មាន់ក្នុងទឹកដីឡាវ លោកក៏បានទទួលព័ត៌មាន និងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអំពីករណីនេះផងដែរ។
ជុំវិញបញ្ហានេះ លោកបានណែនាំកម្លាំងសមត្ថកិច្ចដែលឈរជើងនៅតាមតំបន់ព្រំដែន ឱ្យបង្កើនការយកចិត្តទុកដាក់តាមដាន និងឃ្លាំមើលសកម្មភាពឆ្លងដែនរបស់ប្រជាពលរដ្ឋ។ ក្នុងករណីសង្ស័យថា មានការដឹកជញ្ជូនមាន់ជល់ ឆ្លងតាមទូកទៅកាន់ទឹកដីឡាវ ត្រូវឃាត់សួរនាំ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ ហើយប្រសិនបើរកឃើញថា ពិតជាមានគោលបំណងទៅចូលរួមលេងល្បែងជល់មាន់មែន នឹងត្រូវចាត់វិធានការតាមច្បាប់។
លោកអភិបាលស្រុកឆែប បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកនឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះ សកម្មភាពល្បែងស៊ីសងខុសច្បាប់នេះ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ប្រព្រឹត្តសកម្មភាពខុសច្បាប់បែបនេះក្នុងទឹកដីរបស់គេឡើយ។
ដោយឡែកបើតាមប្រភពព័ត៌មានបានបញ្ជាក់ឱ្យដឹងថា សង្វៀនជល់មាន់ដែលស្ថិតក្នុងទឹកដីឡាវ មានប្រជាពលរដ្ឋខ្មែរមួយចំនួនតូចមកពីបណ្ដាខេត្តផ្សេងៗឆ្លងដែនទៅចូលរួមលេងនោះ មានឈ្មោះថា «សង្វៀនមិត្តភាពមេគង្គ» ដែលត្រូវបានគេរាយការណ៍ថា បើកដំណើរការជារៀងរាល់ថ្ងៃ ខណៈថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាថ្ងៃដែលមានការណាត់ជួបប្រកួត «គូពិសេស» និងមានអ្នកទៅលេងច្រើនខុសពីថ្ងៃធម្មតា៕




