FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខ នាំយកថវិកា និងសម្ភារមួយចំនួនជូនលោកអនុសេនីយ៍ឯក លឿន ចំរើន កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាព នៅមន្ទីរពេទ្យ

02-11-2026 14:10

(កំពង់ស្ពឺ)៖ ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសប់ឈ្លាសវៃប្រកបដោយគុណធម៌របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខ នាំយកថវិការួមមានសម្ភារមួយចំនួនជូនលោកអនុសេនីយ៍ឯក លឿន ចំរើន នាយរងការិយាល័យព្រហ្មទណ្ឌ ក្នុងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យ។

ពិធីនេះមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រុន រួមជាមួយក្រុមការងារបានសំណេះសំណាលសួរសុខទុក្ខ និងជូនពរឲ្យឆាប់បានជាសះស្បើយមានសុខភាពល្អប្រសើរឡើងវិញ ជាពិសេសក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ចំពោះលោកអនុសេនីយ៍ឯក លឿន ចំរើន ផងដែរ។

ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក្នុងនោះបានឧបត្ថម្ភជាថវិកាចំនួន ៤០០,០០០ រៀល ព្រមទាំងសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន (អង្ករ ២ បាវ, មី ២ កេស, ទឹកសុទ្ធ ២ កេស, ភេសជ្ជៈ ១ កេស និងទឹកដោះគោឆៅ ១ កេស) ផងដែរ៕