FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមិទ្ធផលស្រុកប្រាសាទបាល្ល័ង្កលេចរូបរាងបន្តបន្ទាប់, ឧបដ្ឋានសាលា ប្រឡាយទឹក និងផ្លូវក្រួសក្រហម ក្នុងឃុំសាមគ្គី សម្ពោធដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ (Video inside)

02-11-2026 12:36

(កំពង់ធំ)៖ សមិទ្ធផលជាស្ពាន ប្រឡាយ ទឹក និងផ្លូវក្រួសក្រហមជាច្រើនខ្សែតាមបណ្តាឃុំ​នានា ក្នុងស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ បានលេចចេញជារូបរាងបន្តបន្ទាប់ក្នុងរយៈ​ពេល​ជាងមួយឆ្នាំចុងក្រោយនេះ ដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នៅថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ សមិទ្ធផលថ្មីចំនួន៣ទៀតនៅក្នុងឃុំសាមគ្គី ស្រុក​ប្រា​សាទបាល្ល័ង្ក ត្រូវបានសម្ពោធដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់។ សមិទ្ធផលថ្មីដែលសម្ពោធរួម​គ្នានេះ រួមមាន៖ ឧបដ្ឋានសាលានៅវត្តសាសនរង្សីបទុវត្តី ប្រឡាយទឹក និងផ្លូវក្រួសក្រហម។

ពិធីសម្ពោធសមិទ្ធផលខាងលើ ក្រោមអធិបតីភាពលោកអ្នកឧកញ៉ា ទ្រី ភាព បេសកជន​ពិ​សេស​​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណៈ​ពង្រឹង​ការងារ​ស្រុក​ប្រាសាទបាល្ល័ង្ក។ ក្នុងពិធីដ៏រីករីករាយនោះ ក៏មានការនិមន្ត និងអញ្ជើញ​ចូលរួមពីព្រះ​សង្ឃ​ក្នុងខេត្តកំពង់ធំ ថ្នាក់ដឹកនាំខេត្តកំពង់ធំ ថ្នាក់ដឹកនាំស្រុក ក្រុមការងារគណៈ​ពង្រឹង​ស្រុក​ប្រាសាទបល្ល័ង្ក យាយជី តាជី និងប្រជាពលរដ្ឋសរុបប្រមាណ៧ពាន់នាក់។

ពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនេះ បានប្រព្រឹត្តទៅយ៉ាងមហោឡារិក និងប្រកបដោយក្តីសប្បាយរីករាយក្រៃលែងសម្រាប់ប្រជាពលរដ្ឋ ព្រោះសុទ្ធសឹងជាសមិទ្ធ​ផលបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ដើម្បីអបអរសាទរដល់សមិទ្ធផលថ្មី និងនាំ​ភាព​សប្បាយរីករាយជូនប្រជាពលរដ្ឋនោះ លោកអ្នកឧកញ៉ា ទ្រី ភាព បាននាំយកទស្សនីយ​ភាពល្ខោនបាសាក់ យីកេ លេងកម្សាន្តពេលរាត្រីជូនប្រជាពលរដ្ឋទស្សនាថែមទៀត។

ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនេះ លោកអ្នកឧកញ៉ា ទ្រី ភាព បានបង្ហាញក្តីរីករាយជាមួយ​ប្រជាពលរដ្ឋក្នុងឃុំ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករសម្ពោធឆ្លងសមិទ្ធផលថ្មី។ លោកអ្នកឧកញ៉ា ចាត់ទុកការចូលរួមរបស់ប្រជាពលរដ្ឋនាពេលនេះ ជាការផ្តល់ស្រឡាញ់​រាប់​រក និងជាការផ្តល់កម្លាំងចិត្តមហិមាដល់រូបលោក និងក្រុមការងារ ដែលបានប្រឹងប្រែងក្នុង​កិច្ចកសាងសមិទ្ធផលទាំងឡាយ។

លោកអ្នកឧកញ៉ា ទ្រី ភាព បានបញ្ជាក់ថា ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ក្រោយពីរូបលោក​ទទួលបានការចាត់តាំងពីគណបក្សប្រជាជនកម្ពុជា ចុះមកពង្រឹងការងារក្នុងស្រុកប្រាសាទ​បល្ល័ង រូបលោក និងក្រុមការងារ បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជួយអភិវឌ្ឍន៍នៅ​មូល​ដ្ឋានស្រុកប្រាសាទបល្ល័ង្ក ដូចជាការកសាងស្ពាន ជួសជុលស្ពាន កសាងផ្លូវក្រួសក្រហម ស្តារ​ប្រឡាយទឹក កសាងទីស្នាក់ការបក្សក្នុងឃុំទាំង៧ និងទីស្នាក់ការបក្សស្រុក ចូលរួម​សម្រប​សម្រួលជំរុញ​ដោះ​ស្រាយការលំបាកលើការធ្វើការលិខិតស្នាមអត្រានុកូលដ្ឋាន ជួយ​ឧបត្ថម្ភស្ត្រីមានផ្ទៃពោះ ចងដៃការកូនអ្នកស្រុក និងចូលរួមរំលែកមរណទុកគ្រួសារ​ដែល​មាន​សមាជិកទទួលមរណភាពជាដើម។

លោកអ្នកឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានទាំងឡាយនេះ ជាស្មារតី និងឆន្ទៈមនសិការអាណិតស្រឡាញ់របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណ​បក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ព្រមទាំងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ លោកអ្នកឧកញ៉ា បានបន្តថា សម្តេចទាំង៣ និង​លោក​​​ជំទាវបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចលើសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ហើយតែងតែជំរុញដល់ក្រុមការងារចុះតាមមូលដ្ឋាន ឱ្យរួមគ្នាជួយដោះស្រាយរាល់ការ​លំបាក​​ទាំងឡាយ​ប្រជាពលរដ្ឋ។

ផ្លូវ ប្រឡាយទឹក បានផ្សារភ្ជាប់យ៉ាងសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅ​តាម​ទីជនបទ។ ផ្លូវប្រើប្រាស់សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ប្រឡាយទឹក​ប្រើ​ប្រាស់សម្រាប់បម្រើដល់ការស្រោចស្រព្វស្រូវ និងផលដំណាំនានា។ ដូច្នេះការជួយសាង​សង់ ស្តារផ្លូវ និងប្រឡាយទឹកនេះ គឺជាការជួយចំតម្រូវការរបស់ប្រជាពលរដ្ឋ។ ទាំងលោក​មេ​ឃុំ​ និងប្រជាពលរដ្ឋក្នុងឃុំសាមគ្គី បង្ហាញការសាទរចំពោះសមិទ្ធផលនេះ។

អាជ្ញាធរ និងប្រជាពលរដ្ឋ ក៏បានបង្ហាញពីការកត់សម្គាល់ដែរថា ក្នុងរយៈពេលជាងមួយឆ្នាំ ដែលលោកអ្នកឧកញ៉ា ទ្រី ភាព និងក្រុមការងារ ចុះជួយស្រុកប្រាសាទបល្ល័ង្ក បានយកចិត្ត​ទុក​ដាក់ខ្ពស់ក្នុងការកសាង ជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា មានដូចជាស្ពាន និងផ្លូវ។ ផ្លូវ បើទោះបីជាផ្លូវក្រួសក្រហម តែបានជួយសម្រួលការធ្វើដំណើរច្រើនសម្រាប់ប្រជាពលរដ្ឋ។

ក្រៅពីការយកចិត្តទុកដាក់លើការសាងសង់ ជួសជុល កែលំអហេដ្ឋារចនាសម្ព័ន្ធហើយនោះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានយកចិត្តទុកដាក់ក្នុងវិស័យព្រះពុទ្ធសាសនា។ ពេលចូល​ព្រះ​វស្សា និងបុណ្យកាន់បិណ្ឌ លោកអ្នកឧកញ៉ា ទ្រី ភាព បានប្រគេនទានព្រះវស្សា និង​ទេយ្យទាន ហើយចូលរួមកាន់បិណ្ឌពីបិណ្ឌទី១ ដល់ទី១៤ នៅវត្តទាំង២៧ក្នុងស្រុកប្រាសាទ​បល័ង្ក។

សមិទ្ធផលដែលបានលេចជារូបរាងជាបន្តបន្ទាប់ រួមនិងការយកចិត្តទុកដាក់របស់លោក​អ្នក​ឧកញ៉ា និងក្រុមការងារ បាននាំមកនូវស្នាមញញឹម និងការដឹងគុណមិនអាចបំភ្លេចបាន​ចំពោះទឹកចិត្តគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធសមិទ្ធផលខាងលើនេះ លោកអ្នកឧកញ៉ា បានចូលរួមបច្ច័យ​កសាងវត្តចំនួន ៥០.០០០.០០០ រៀល។ ក្រៅពីបច្ច័យកសាង លោកអ្នកឧកញ៉ា ក៏បាន​ផ្តល់​ជូននូវថវិកាមួយចំនួនដល់ប្រជាពលរដ្ឋ យាយជីតាជី លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ដែលបានអញ្ជើញចូលរួម។ លើសពីនេះ ស្រ្តីមានផ្ទៃពោះចំនួន ៨៦នាក់ ក៏ទទួលបានថវិកា​ឧបត្ថម្ភ​ពីលោកអ្នកឧកញ៉ា គៀន ស្រីនាង ដែលក្នុងម្នាក់ៗទទួលបានថវិកា ២០០.០០០ រៀល។

ពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងឃុំសាមគ្គីនាថ្ងៃនេះចំណាយថវិកា​អស់​ជាង ៤០០.០០០.០០០រៀល៕