រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកសិក្ខាសាលាស្តីពី «បញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុលើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្រ្តនៅកម្ពុជា»
02-11-2026 12:13
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «បញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុលើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្រ្តនៅកម្ពុជា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការរាជធានី-ខេត្ត វាគ្មិនកិតិ្តយស និងមន្ត្រីរាជការជាច្រើនរូបទៀត។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្ត្រ ចែករំលែកផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសក្នុងការគ្រប់គ្រងហានិភ័យ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមកពីតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត។ លើសពីនេះសិក្ខាសាលាក៏បានពិភាក្សាស្វែងរកដំណោះស្រាយ និងវិធានការបន្សំ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងជំរុញការរៀបចំផែនការ រចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពធន់ សុវត្ថិភាព និងសមស្របទៅនឹងស្ថានភាពអាកាសធាតុដែលកំពុងប្រែប្រួល។
ក្រសួងបានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវ ស្ពាន ប្រព័ន្ធលូ និងសំណង់ពាក់ព័ន្ធវិស័យដឹកជញ្ជូន ងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ។ ដូច្នេះការធានាបាននូវសុវត្ថិភាព គុណភាព ភាពធន់ និងចីរភាពរបស់ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ត្រូវបញ្ចូលកត្តាប្រែប្រួលអាកាសធាតុ និងការវាយតម្លៃហានិភ័យភូគព្ភសាស្ត្រ ទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕


























