FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហួត ហាក់ ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារពាក់ព័ន្ធនឹងនាវាទេសចរណ៍ Villa Vie Odyssey ដើម្បីសម្របសម្រួល និងជួយភ្ញៀវទេសចរអន្តរជាតិ

02-11-2026 10:58

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារពាក់ព័ន្ធនឹងនាវាទេសចរណ៍ Villa Vie Odyssey នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីវិធានការឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា សំដៅសម្របសម្រួល និងជួយដោះស្រាយតម្រូវការចាំបាច់នានារបស់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមនាវានេះ។

សូមជម្រាបថា នាវាទេសចរណ៍ Villa Vie Odyssey បានជួបបញ្ហាអស់ថវិកាសម្រាប់ប្រតិបត្តិការ និងប្រេងឥន្ធនៈ ខណៈកំពុងចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ នាវានេះមានអ្នកដំណើរប្រមាណ ២០៣នាក់ និងនាវិក ១៥៦នាក់ ដែលមកពី ១៥សញ្ជាតិ។

ក្រុមហ៊ុនអាមេរិក Villa Vie Residences ដែលជាអ្នកដំណើរការនាវានេះ បានប្រកាសផ្អាកប្រតិបត្តិការ ដោយសារតែថ្លៃប្រេងបានឡើងថ្លៃខ្លាំង ដោយសារផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់។ អ្នកដំណើរត្រូវបានបញ្ជាឱ្យចុះពីនាវាភ្លាមៗ ហើយជាប់គាំងនៅក្រុងព្រះសីហនុ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមអនុសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះភ្ញៀវទេសចរ និងនាវិក។ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធបានចាត់តាំងក្រុមការងារសម្របសម្រួល និងដាក់ចេញវិធានការចាំបាច់ ដើម្បីធានាសុវត្ថិភាព សុខុមាលភាព និងផាសុកភាពរបស់ភ្ញៀវ៕