FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន

02-11-2026 10:54

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ដំណើរទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៦) ផ្លាស់ប្តូរយោបល់លើទីតាំង និងអាទិភាពនាពេលអនាគតសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការ ព្រមទាំងពិនិត្យមើលភាពបន្ថែមទៀត ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការគាំទ្រទៅវិញទៅមកមករវាងបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង។

កិច្ចប្រជុំ នឹងផ្តោតលើជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ការភ្ជាប់ផ្នែកសង្គម និងវប្បធម៌ក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ស្របពេលជាមួយគ្នានៃកិច្ចប្រជុំនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក វ៉ាង យី ដើម្បីពិភាក្សាអំពីវិធីសាស្ត្រក្នុងការបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម៕