ឧកញ៉ា ទ្រី ភាព បើកបវេសនកាលនៅសាលាបឋមសិក្សា និងវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច ក្នុងស្រុករវៀង ខេត្តព្រះវិហារ
02-11-2026 10:24
(ព្រះវិហារ)៖ នារសៀលថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៦-២០២៧ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ៧០០នាក់។ ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ទ្រី ភាព បានថ្លែងកោតសរសើរថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់អប់រំ បណ្តុះបណ្តាលឱ្យការសិក្សានៅតំបន់ជនបទមួយនេះឱ្យទទួលបានគុណភាពល្អប្រសើរ។
លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានផ្តល់ដំបូន្មានមួយចំនួនដល់សិស្សឱ្យចេះគោរពដឹងគុណគ្រូ ទោះទៅដល់ទីណា មានឋានៈជាអ្វីក៏ដោយ ត្រូវតែចងចាំថា «គ្រូមួយថ្ងៃ ជាគ្រូមួយជីវិត»។ លោកអ្នកឧកញ៉ា ក៏បានផ្តល់ដំបូន្មានឱ្យសិស្សទាំងប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងសម្រាប់ទ្រទ្រង់ជីវិតទៅថ្ងៃអនាគត ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងការដើរលេងបងតូចបងធំ ដែលជាបច្ច័យបំផ្លាញអនាគត។
ក្នុងពិធីនេះ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បានផ្តល់ជាអំណោយរួមមានសម្ភារសិក្សា និងថវិកាមួយចំនួនជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងមានការឧបត្ថម្ភថវិកាពីអ្នកឧកញ៉ា គៀន ស្រីនាង ជូនដល់ស្ត្រីមានផ្ទៃពោះចំនួន ១៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២០០.០០០រៀល។ ពិធីបើកបវេសនកាលបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ដោយបានចំណាយថវិកាសរុបអស់ជាង ៤០.០០០.០០០រៀល។
សូមបញ្ជាក់ថា សាលាបឋមសិក្សា និងវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច ជាថ្នាល់បណ្តុះបណ្តាលមួយ ដែលផ្តួចផ្តើមឡើងដោយលោកអ្នកឧកញ៉ា ទ្រី ភាព ដើម្បីផ្តល់ការអប់រំដល់កូនៗកម្មករ និងបុគ្គលិកបម្រើការងារនៅចម្ការកៅស៊ូ ក៏ដូចជាកូនចៅប្រជាពលរដ្ឋនៅតំបន់ ដែលមានការលំបាកទៅសាលារៀនមានចម្ងាយឆ្ងាយពីផ្ទះ។
សាលានេះចាប់ដំណើរការដំបូងដោយរៀនចម្រុះគ្នា មិនមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការអប់រំគ្រប់ជ្រុងជ្រោយនោះឡើយ។ លុះនៅឆ្នាំ២០២៤ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង លោកអ្នកឧកញ៉ា ទ្រី ភាព បានផ្តល់អគារសិក្សាថ្មីចំនួនពីរខ្នងកំពស់ពីរជាន់ ២៤បន្ទប់។
បច្ចុប្បន្នសាលារៀនមានអគារសិក្សាសរុបបីខ្នង ៣៦បន្ទប់ ទីចាត់ការ១ បន្ទប់កុំព្យូទ័រ១ បន្ទប់បណ្ណាល័យ១ បន្ទប់សង្រ្គោះបឋម១ បន្ទប់ទឹកប្រុស/ស្រី២៨ រោងអាហារសម្រាប់សិស្ស២ខ្នង ទីធ្លាលេងកីឡា សួនបំណិតជីវិត ដែលចំណាយថវិកាសាងសង់សរុបជាងមួយលានដុល្លារអាមេរិក។
សាលាបឋមសិក្សា និងវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច ថ្វីបើជាសាលារៀននៅទីជនបទ តែសំណង់អគារ រចនាបថបានរំលេចនូវភាពស្រស់ស្អាត ខណៈបរិវេណសាលារំលេចដោយភាពបៃតងស្រស់។ បន្ថែមពីលើនោះ កម្មវិធីអប់រំ ក៏ត្រូវបានយកចិត្តខ្ពង់។ សាលារៀនបានអនុវត្តកម្មវិធីសិក្សាស្របតាមគោលការណ៍ និងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយយកចិត្តទុកដាក់លើការអនុវត្តកម្មវិធី សាលារៀនស្តង់ដាគំរូ។
ក្រៅពីកម្មវិធីសិក្សារបស់ក្រសួង សាលាបានរៀបចំម៉ោងសិក្សាបន្ថែម២ម៉ោងទៀត នៅពេលរសៀល សម្រាប់សិស្សចាប់ពីថ្នាក់ទី៣ ដល់ថ្នាក់ទី៦ ដោយផ្តោតលើមុខវិជ្ជា ភាសាអង់គ្លេស កុំព្យូទ័រ និងការសរសេរកូដ។ ការបន្ថែមមុខវិជ្ជាទាំងនេះ មានគោលបំណងពង្រឹងសមត្ថភាព ភាសាបរទេស លើកកម្ពស់ចំណេះដឹង ឌីជីថល បណ្តុះបណ្តាលការគិតបែបតក្កវិជ្ជា ការដោះស្រាយបញ្ហា ភាពច្នៃប្រឌិត ដើម្បីឱ្យសិស្សានុសិស្សមានចំណេះដឹងមូលដ្ឋានរឹងមាំ សម្រាប់សិក្សាបន្ត។ ទន្ទឹមនឹងគ្នានះដែរ សាលាក៍បានយកចិត្តទុកដាក់លើ វិន័យ សីលធម៌ អនាម័យ និងការថែរក្សាបរិស្ថានសាលារៀន។
ឆ្នាំសិក្សា២០២៥-២០២៦នេះ សាលារៀន មានគ្រូបង្រៀនសរុបចំនួន ២៤នាក់ ក្នុងនោះគ្រូបង្រៀន ក្របខ័ណ្ឌរបស់រដ្ឋមានចំនួន ៦នាក់ ស្រី១នាក់ និងគ្រូកិច្ចសន្យារបស់ក្រុមហ៊ុនមានចំនួន ១៨នាក់ ស្រី១០នាក់។ ការចំណាយលើប្រាក់បៀវត្ស របស់គ្រូកិច្ចសន្យាក្រុមហ៊ុន គិតជាមធ្យមអស់ប្រមាណប្រាំបីពាន់ដុល្លារក្នុងមួយខែ។
ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សាលាមានសិស្ស សិក្សាចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ មធ្យមសិក្សាថ្នា់ក់ទី១០ សរុបចំនួន៦៧៦នាក់ ស្រី៣៣៤នាក់។ ៧០ភាគរយ គឺជាកូនបុគ្គលិកបម្រើការងារជូនក្រុមហ៊ុន។ ចំពោះពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ នៅថ្ងៃនេះដែរ សាលាបានទទួលចុះឈ្មោះសិស្ស ចូលរៀនសរុបចំនួន ៦៩៧នាក់ ស្រី ៣៤៦នាក់ ដោយមានថ្នាក់ចាប់ពីមត្តេយ្យ រហូតដល់ថ្នាក់ទី១១៕


















































