លោក ខ្វៃ អាទិត្យា ជំរុញការថែទាំសុខភាព អនាម័យ និងគាំទ្រការសិក្សាឌីជីថល កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងពិធីបើកបវេសនកាលថ្មី
02-11-2026 07:30
(ត្បូងឃ្មុំ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រះធាតុ បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាពផ្ទាល់ខ្លួន រក្សាអនាម័យខ្លួនប្រាណ ថែរក្សាបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ជុំវិញសាលារៀន និងតាមមូលដ្ឋានឱ្យបានល្អប្រសើរ ដែលជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រាជ្ញាស្មារតីសម្រាប់សិក្សារៀនសូត្រ
ការលើកទឹកចិត្តបែបនេះរបស់លោក ខ្វៃ អាទិត្យា បានធ្វើឡើងក្នុងអញ្ជើញជាអធិបតីភាពរៀបចំពិធីអបអរសាទរការបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ យ៉ាងមហោឡារិក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យពាមជាំង ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ តំណាងរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងស្រុកអូររាំងឪ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន រួមជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សជាច្រើនរូប។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ គណៈអធិបតីបានអានសារលិខិតទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ដើម្បីជាការផ្តល់កម្លាំងចិត្ត និងតម្រង់ទិសដៅយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា។
បន្ថែមពីនេះ លោក ខ្វៃ អាទិត្យា បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល និងការគិតគូរជាប្រចាំពីសំណាក់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា គណៈកម្មាធិការទ្រទ្រង់សាលា ក៏ដូចជារដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ ដែលតែងតែខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍវិស័យអប់រំ និងការអនុវត្តយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន ក្នុងការបង្កើត «ភាពស្អាត ភាពបៃតង» និងជំរុញសកម្មភាពនានាដែលឆ្ពោះទៅរក «ការរស់នៅដោយចីរភាព» ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
ដើម្បីជាការគាំទ្រដល់ដំណើរការសិក្សាបែបឌីជីថល លោក ខ្វៃ អាទិត្យា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត អ៊ាង សុផល្លែត ដែលបានផ្តល់ការគាំទ្រដល់មូលដ្ឋាន តាមរយៈ ក្រុមហ៊ុន អង្គរឌែរីប្រូដាក់ ឃូអិលធីឌី ដល់សិស្សានុសិស្សចំនួន ១០០នាក់ ក្នុងនោះរួមមាន សៀវភៅ៥ក្បាល, ប៊ិច១ដើម ខ្មៅដៃ១ដើម, ទឹកដោះគោប្រអប់ ៣យួរ, និងលោកគ្រូអ្នកគ្រូចំនួន ៣២នាក់ ក្នុងនោះរួមមាន ទឹកដោះស្រស់ ១ដប, ទឹកដោះគោប្រអប់២យួរ, ទឹកដោះគោខាប់១កំប៉ុង, ទឹកដោះគោខ្ទិះ១កំប៉ុង ព្រមទាំងបានផ្តល់ជូននូវកុំព្យូទ័រ (Computers) ចំនួន ៣គ្រឿង រួមទាំងការបំពាក់បណ្តាញអ៉ីនធឺណិត (Internet) សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំពេញ ជូនដល់វិទ្យាល័យពាមជាំងផងដែរ ក្នុងគោលបំណង បង្កើនចំណេះដឹងបែបវិទ្យាសាស្រ្ត ការស្រាវជ្រាវ និងការរៀនសូត្ររបស់សិស្សានុសិស្ស ឱ្យកាន់តែមានគុណភាព និងអភិវឌ្ឍការសិក្សាឆ្លើយតាមទាន់សម័យកាល។
ជាទីបញ្ចប់ គណៈអធិបតីបានអំពាវនាវឱ្យបន្តចលនាដើម្បី «ភាពស្អាត និងភាពបៃតង» នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីរួមគ្នាលើកកម្ពស់សោភ័ណភាព ក៏ដូចជាធានាបាននូវសុខភាពសាធារណៈដ៏ល្អប្រសើរ សម្រាប់សង្គមជាតិទាំងមូល៕















