FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសេនាតេជោសន្តិភាព នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនស្រ្តីពិការជើងម្នាក់ ដែលមិនអាចធ្វើការរកប្រាក់ចំណូលបាន

01-11-2026 22:32

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមសេនាតេជោសន្តិភាព បាន​ចាត់ឲ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ទៅផ្តល់ជូនបងស្រី រ័ត្ន ជឿន ដែលជាជនពិការជើង និងកំពុងរស់នៅម្នាក់ឯងក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិក្បាលដំរី សង្កាត់កកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចុះសួរសុខទុក្ខ និងផ្តល់អំណោយនេះ ធ្វើឡើងដោយមើលឃើញពីការខ្វះខាត និងការលំបាកខ្លាំងរបស់បងស្រី រ័ត្ន ជឿន ដែលកំពុងប្រឈម។

អំណោយដែលបានផ្តល់ជូនរួមមាន រទេះរុញចំនួន១គ្រឿង អង្ករ ៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ទឹកបរិសុទ្ធ ព្រមទាំងថវិកាចំនួន ២លានរៀល ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។

កាយវិការមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសជនពិការ ដើម្បីឲ្យពួកគាត់មានលទ្ធភាពដោះស្រាយបញ្ហាប្រឈម និងបន្តការរស់នៅប្រកបដោយក្តីសង្ឃឹម។

សម្រាប់ជើងពិការរបស់អ្នកស្រ្តី ត្រូវបានសម្តេចតេជោ ចាត់ឲ្យក្រុមការងារនាំទៅព្យាបាលនៅមន្ទីរពេទ្យដោយមិនគិតថ្លៃនោះឡើយ ដើម្បីអាចជាសះស្បើយ អាចចូលបម្រើការងារវិញបាន។