អភិបាលខេត្តពោធិ៍សាត់ ផ្ដាំផ្ញើគ្រូបង្រៀនឱ្យធ្វើជា «ឪពុកម្ដាយទីពីរ» និងជំរុញសិស្សឱ្យឆ្ងាយពីគ្រឿងញៀន
01-11-2026 21:36
(ពោធិ៍សាត់)៖ នៅក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដាក់ចេញនូវអនុសាសន៍គន្លឹះ និងការផ្តាំផ្ញើយ៉ាងមានអត្ថន័យជ្រាលជ្រៅ ដោយផ្តោតជាសំខាន់ទៅលើតួនាទីដ៏មានតម្លៃរបស់លោកគ្រូ អ្នកគ្រូ និងការក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្ស ឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ និងការសិក្សារៀនសូត្រ។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបន្តដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែជាអ្នកផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវជាបុគ្គលនាំមុខ និងជាមគ្គុទ្ទេសក៍ ដឹកនាំផ្លូវទិសដៅសិក្សា និងការគិតគូររបស់សិស្សានុសិស្ស។ បន្ថែមពីនោះ លោកគ្រូ អ្នកគ្រូ ត្រូវមើលថែទាំ ផ្ដល់ភាពកក់ក្តៅ និងប្រឹក្សាយោបល់ប្រៀបបីដូចជាកូនក្នុងបន្ទុកផ្ទាល់ខ្លួន។ ត្រូវខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀនទំនើប ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ដើម្បីឆ្លើយតបទៅនឹងបរិបទអប់រំសម័យថ្មី។
លោក ខូយ រីដា បានផ្ដាំផ្ញើ និងលើកទឹកចិត្តយ៉ាងកក់ក្តៅដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងស្រាវជ្រាវ និងរៀនសូត្រឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានោះ លោកបានក្រើនរំលឹកសូមឱ្យក្មួយៗចូលរួមឱ្យបានសស្រាក់សស្រាំក្នុងអំពើល្អ ដើម្បីការរីកចម្រើនក្នុងគ្រួសារ សង្គម និងប្រទេសជាតិ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
ជាការឆ្លើយតបនឹងស្នាដៃខិតខំប្រឹងប្រែង ក្នុងពិធីនោះលោកអភិបាលខេត្ត បានផ្តល់ជូនបណ្ណសរសើរជូនដល់លោកគ្រូ អ្នកគ្រូដែលមានស្នាដៃល្អ រួមមាន៖
*វិទ្យាល័យពោធិ៍សាត់ ១៥នាក់
*អនុវិទ្យាល័យពោធិ៍សាត់ ១០នាក់
*បឋមសិក្សាពោធិ៍សាត់ ៨នាក់
*សិស្សវិជ្ជាជីវៈ ១៣នាក់
ព្រមទាំងបានឧបត្ថម្ភថវិកាផ្ទាល់ចំនួន ២លានរៀល ផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ មានសាលាមត្តេយ្យសិក្សា ២៣កន្លែង (សិស្ស ១០,៥៥៥នាក់), បឋមសិក្សា ៣០៨កន្លែង (សិស្ស ៧២,៩៤០នាក់), អនុវិទ្យាល័យ ៤៦កន្លែង (សិស្ស ១៤,៤៦៨នាក់) និងវិទ្យាល័យ ១៧កន្លែង (សិស្ស ១៩,៤៨៨នាក់)។
លោក ជា ឡេងឃួន នាយកវិទ្យាល័យពោធិ៍សាត់ បានឲ្យដឹងថា សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាល័យមានលោកគ្រូ អ្នកគ្រូចំនួន ១០៨នាក់ និងសិស្សានុសិស្សសរុប ១,៨៨៣នាក់ ដោយវិទ្យាល័យបានបន្តកែលម្អបរិស្ថាន និងអគារសិក្សាឱ្យមានលក្ខណៈអេកូស៊ីស្គែមយ៉ាងប្រសើរ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់៕








































