នាយឧត្តមសេនីយ៍ សឹង សំណាង និងភរិយា ព្រមទាំងកងទ័ពជើងអាកាស ដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃនៅវត្តទួលខ្សាច់
01-11-2026 20:35
(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី រួមជាមួយលោក លោកស្រី ជាមេបញ្ជាការរង នាយទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស និងពុទ្ធបរិស័ទជាច្រើននាក់ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៦នេះ បានដង្ហែអង្គកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
វត្តវាលុកថុល្លារាម ជាវត្តមួយកំពុងមានតម្រូវការចាំបាច់នូវបច្ច័យសម្រាប់សាងសង់សមិទ្ធផលនានាក្នុងវត្ត បម្រើដល់ការគោរពប្រណិប័តន៍របស់ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។ បច្ច័យបានកើតចេញពីសទ្ធាដ៏ជ្រះថ្លានៃអង្គកឋិនផ្តួចផ្តើមដោយនាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រី អ៊ូ សិទ្ធិរី ប្រមូលបច្ច័យសរុបប្រមាណជា ៣៣លានរៀលសម្រាប់ចូលរួមកសាងសមិទ្ធផលនានានៅក្នុងវត្ត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានបង្ហាញទឹកចិត្តសប្បាយរីករាយជាខ្លាំង ចំពោះការចូលរួមពីលោកមេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពអាកាស និងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលចិត្តមូលគំនិតគ្នារៀបចំបុណ្យកឋិនទានសាមគ្គីនេះឡើង។
នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះការចូលរួមបច្ច័យអង្គព្រះកឋិនទានពីអស់លោក លោកស្រី ជាមេបញ្ជាការរងនាយទាហាន នាយទាហានរង ពលទាហានកងទ័ពជើងអាកាស និងមេបញ្ជាការកងការពារអាកាសអគ្គបញ្ជាការ និងពុទ្ធបរិស័ទបានរួបរួមគ្នា ដង្ហែមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តវាលុកថុល្លារាម ក្នុងស្រុករលាប្អៀរ។
សូមរំលឹកថា នាយឧត្តមសេនីយ៍ សឹង សំណាង និងភរិយា តែងបានដឹកនាំនាយទាហាន និងក្រុមគ្រួសារក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ចូលរួមពិធីបុណ្យផ្កាសាមគ្គី ដង្ហែទៀនព្រះវស្សា ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យផ្សេងៗទៀត ដើម្បីប្រមូលបច្ច័យកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីអារាម ទុកជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធគោរពបូជា តាមគន្លងប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។
កម្លាំងសទ្ធាជ្រះថ្លាដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវិរកងទ័ព បុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ៕






