FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំអំណោយជូនគ្រួសារវីរកងទ័ពជួរមុខមានកូន ១២នាក់

01-11-2026 17:24

(ព្រះវិហារ)៖ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយប្រគល់ជូនគ្រួសារវីរកងទ័ពជួរមុខដែលមានជីវភាពខ្វះខាត និងមានកូនចំនួន ១២នាក់ក្នុងបន្ទុក ដែលប្តីមានឈ្មោះ សុខ សាន្ត ជាអនុសេនីយ៍ទោ និងជាមេបញ្ជាការរងកងអនុសេនាធំទី២ វរសេនាតូចអន្តរាគមន៍លេខ៣៧៤ និងប្រពន្ធឈ្មោះ សារ៉ន ដុំ ហៅ យាយម៉ៅ រស់នៅភូមិត្រពាំងសង្កែខាងកើត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោក ចិន ខន្តី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាគ្រួសារកងទ័ពជួរមុខទាំងអស់ នៅខេត្តព្រះវិហារ។

លោកអភិបាលស្រុកជាំក្សាន្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានឧបត្ថម្ភថវិកាចំនួន ១លានរៀល សម្រាប់ទិញសម្ភារ និងគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារវីរកងទ័ពខាងលើ បន្ថែមពីលើថវិការបស់លោកចំនួន ២០ម៉ឺនរៀល និងសម្ភារមួយចំនួនទៀតផងដែរ។

ទន្ទឹមនឹងនោះ លោក ចិន ខន្តី បានថ្លែងណែនាំដល់គ្រួសារខាងលើឱ្យខិតខំបង្កបង្កើនផល ដាំដុះដំណាំរួមផ្សំនៅលើដីទំនេរជុំវិញផ្ទះ ដើម្បីជួយលើកស្ទួយជីវភាពគ្រួសារ។លោកក៏បានជំរុញឱ្យអាណាព្យាបាលនាំកូនចៅតូចៗទៅចុះឈ្មោះចូលរៀនឱ្យបានទាន់ពេលវេលាក្នុងឱកាសបវេសនកាលថ្មីនេះ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។

សូមបញ្ជាក់ថា អំណោយដែលបាននាំយកទៅប្រគល់ជូននាពេលនោះ រួមមាន៖ អង្ករចំនួន ៤បេ, មីចំនួន ២កេស, ត្រីខចំនួន ៦ដុំ, ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង ស្ករស ខ្ទឹមស, និងថវិកាចំនួន ៤០ម៉ឺនរៀល៕