FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹង! យុទ្ធនាការចាប់ផាកពិន័យលើបណ្ណបើកបរដែលគ្រោងអនុវត្តចាប់ពីថ្ងៃទី១ វិច្ឆិកា ត្រូវពន្យារពេលសិន

01-11-2026 16:32

(ភ្នំពេញ)៖ មួយរយះពេលចុងក្រោយនេះ មានបងប្អូនជាច្រើននាក់ បានសម្រុកទៅធ្វើបណ្ណបើកបរ និងបន្តសុពលភាពបណ្ណបើកបរ ក្រោយពួកគាត់ទទួលព័ត៌មានថា យុទ្ធនាការចាប់ផាកពិន័យសម្រាប់អ្នកអត់បណ្ណបើកបរ គ្រោងអនុវត្តនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

បងប្អូនប្រជាពលរដ្ឋលើស១០ដង បើប្រៀបជាមួយថ្ងៃធម្មតា បាននាំគ្នាសម្រុកទៅធ្វើបណ្ណបើកបរ រហូតកន្លែងផ្តល់សេវានៅតាមក្រសួង និងមន្ទីរសាធារណការ សឹងធ្វើមិនទាន់ ព្រោះតែខ្លាចនគរបាលចរាចរណ៍ចាប់ផាកពិន័យរឿងអត់ពែមី។

ព័ត៌មានដែលទទួលបានពីមន្រ្តីនគរបាលចរាចរណ៍ជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ យុទ្ធនាការរឹតបណ្តឹងលើបណ្ណបើកបរ ត្រូវចាប់ផ្តើមអនុវត្តនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង ដែលជាគោលដៅដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ខ្លាំងជាងគេ។

តែក្រោយមានបងប្អូននាំគ្នាទៅសម្រុកធ្វើបណ្ណបើកបរយ៉ាងកំហុគបែបនេះ ព័ត៌មានដែលខ្ញុំទទួលបាន ការចាប់ផាកពិន័យរឿងអត់បណ្ណបើកបរ ត្រូវបាននាយកដ្ឋាននគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពន្យារពេលសិន ដោយរង់ចាំទៅថ្ងៃខាងមុខ។

សូមបងប្អូនប្រជាពលរដ្ឋ ដែលកាន់ដៃចង្កូតលើដងផ្លូវ ជាពិសេសរថយន្ត ត្រូវមានបណ្ណបើកបរត្រឹមត្រូវ ចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់លើដងផ្លូវ។