កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
01-11-2026 15:55
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) និងស្ថាប័នបណ្ដាញបច្ចេកវិទ្យា និងហិរញ្ញវត្ថុសកល (GFTN) នឹងសហការរៀបចំវេទិកាអន្តរជាតិ Black Swan Summit Cambodia 2026 ជាលើកដំបូងនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសប្រើប្រាស់ភាសាបារាំង។
វេទិកានេះ នឹងក្លាយជាវេទិកាផ្លាស់ប្តូរទស្សនៈ និងចែករំលែកចំណេះដឹងលើការវិវត្តនៃវិស័យហិរញ្ញវត្ថុសកល ជាពិសេសពាក់ព័ន្ធនឹងប្រព័ន្ធទូទាត់សងប្រាក់ ទ្រព្យនិម្មិត និងការតភ្ជាប់ហិរញ្ញវត្ថុឆ្លងដែន ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័សក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល។
តាមរយៈវេទិកានេះ អ្នកចូលរួមនឹងទទួលបានទស្សនទានថ្មីៗ និងការយល់ដឹងកាន់តែច្បាស់អំពីទិសដៅវិវត្តនៃប្រព័ន្ធហិរញ្ញវត្ថុ ព្រមទាំងឱកាស និងបញ្ហាប្រឈមនានាដែលអាចកើតមានក្នុងវិស័យនេះនាពេលអនាគត។
ជាមួយគ្នានេះ អ្នករៀបចំក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំស្ថាប័ន និងអ្នកដឹកនាំក្រុមការងារ ចូលរួមក្នុងវេទិកានេះ ដើម្បីនាំយកចំណេះដឹង និងបទពិសោធន៍ពីកិច្ចពិភាក្សា ទៅអនុវត្តជាក់ស្តែងនៅតាមស្ថាប័ន និងអង្គភាពរៀងៗខ្លួន សំដៅប្រែក្លាយទស្សនទានទៅជាសមិទ្ធផលជាក់ស្តែង។
គួរបញ្ជាក់ថា ការចុះឈ្មោះចូលរួមវេទិកានេះ គឺឥតគិតថ្លៃសម្រាប់សមាជិកគ្រប់រូបនៃក្រុមការងាររបស់ស្ថាប័ននីមួយៗ។ ចំពោះស្ថាប័នដែលមានបំណងចុះឈ្មោះជាក្រុម ឬត្រូវការការរៀបចំពិសេសសម្រាប់ក្រុមប្រតិភូ អាចទាក់ទងទៅកាន់ក្រុមការងាររៀបចំតាមរយៈអ៊ីម៉ែល [email protected]៕
