លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ពិភាក្សាការងារជាមួយតំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ត្រៀមសម្រាប់កិច្ចប្រជុំកំពូលឆ្នាំ២០២៦
01-11-2026 15:54
(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ទទួលបន្ទុកព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Rigibert PINGA PINGA តំណាងស្តីទីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញបេសកកម្មផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកិច្ចការនារី។
ក្នុងជំនួបនេះ លោកតំណាងស្តីទី បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនរាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក៏ដូចជាជូនលោកស្រីកិត្តិបណ្ឌិត ក្នុងនាមជាប្រធានអនុគណៈកម្មការ និងក្រសួងស្ថាប័នជាដៃគូ ក្នុងការរៀបចំយ៉ាងរលូននូវព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី» និង «ហ្រ្វង់កូតិច» អមកិច្ចប្រជុំកំពូល ក្នុងឆ្នាំ២០២៦នេះ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលតែងតែផ្តល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ក្នុងដំណើរការត្រៀមរៀបចំកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អមនានា។
ទន្ទឹមនឹងនេះ លោកស្រីកិត្តិបណ្ឌិត បានបង្ហាញអំពីការងាលើកកម្ពស់សមភាពយេនឌ័រ និងកិច្ចការនារីនៅក្នុងថ្នាក់តំបន់ និងថ្នាក់ជាតិ ដោយគូសបញ្ជាក់អំពីអាណត្តិ និងផែនការយុទ្ធសាស្ត្រ «នារីរតនៈ» របស់ក្រសួងកិច្ចការនារីផងដែរ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» អមដោយព្រឹត្តិការណ៍សំខាន់ៗគឺ៖
១៖ ព្រឹត្តការណ៍ភូមិហ្រ្វង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី ក្រោមមូលបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» និង
២៖ ព្រឹត្តការណ៍ហ្រ្វង់កូតិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ សាល A - F ក្រោមមូលបទ «សហគមន៍ភាសាបារាំងតែមួយ អនាគតឌីជីថលតែមួយ»៕






