សមាជិកព្រឹទ្ធសភា លោកស្រី ឃួន ឃុនឌី លើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានជោគជ័យក្នុងឆ្នាំសិក្សាថ្មី និងកសាងអនាគតដ៏ភ្លឺស្វាង
01-11-2026 15:49
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកទឹកចិត្ដដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យសាលារៀន ស្តាប់ដំបូន្មានគ្រូបង្រៀន និងចេះសហការជាមួយមិត្តភក្តិ ដើម្បីទទួលបានលទ្ធផលល្អក្នុងឆ្នាំសិក្សាថ្មី ព្រមទាំងក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងសីលធម៌ សម្រាប់អនាគតរបស់ខ្លួន និងសង្គមជាតិ។
លោកស្រី បានលើកឡើងបែបនេះពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅវិទ្យាល័យ ហ៊ុន សែនត្បែង ដែលស្ថិតនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះលោកស្រីបានមានប្រសាសន៍ថា ការសិក្សារៀនសូត្រគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កសាងអនាគត ហើយភាពជោគជ័យមិនអាចកើតមានឡើងដោយចៃដន្យនោះទេ គឺត្រូវការខិតខំប្រឹងប្រែង ការតស៊ូ អំណត់ព្យាយាម និងការរៀនសូត្រជាប្រចាំ ដូច្នេះសិស្សានុសិស្ស ត្រូវចេះរៀបចំផែនការសិក្សា បែងចែកពេលវេលាឱ្យបានសមស្រប និងចៀសវាងសកម្មភាពដែលប៉ះពាល់ដល់ការសិក្សា។
លោកស្រីក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យមានភាពក្លាហានក្នុងការសួរនាំ លោកគ្រូ អ្នកគ្រូបង្រៀន នៅពេលជួបបញ្ហាឬមិនយល់មេរៀន ព្រមទាំងចេះជួយគ្នាទៅវិញទៅមកក្នុងការសិក្សា ព្រោះចំណេះដឹងដែលទទួលបាននៅថ្ងៃនេះ គឺជាមូលធនដ៏មានតម្លៃសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត និងការចូលរួមអភិវឌ្ឍសង្គមជាតិនាពេលអនាគត។
លោកស្រីក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល សូមបន្តយកចិត្តទុកដាក់គាំទ្រ និងជំរុញកូនចៅឱ្យទៅសាលារៀនបានទៀងទាត់ តាមដានការសិក្សា និងផ្តល់ការលើកទឹកចិត្តដល់ពួកគេ ដើម្បីឱ្យកុមារ និងយុវជនទទួលបានឱកាសសិក្សារៀនសូត្រប្រកបដោយគុណភាព។
ជាមួយគ្នានោះលោកស្រីបានបញ្ជាក់ថា ការអប់រំគឺជាកត្តាចម្បងក្នុងការអភិវឌ្ឍធនធានមនុស្ស ហើយសិស្សានុសិស្សគ្រប់រូបត្រូវខិតខំកសាងចំណេះដឹង សមត្ថភាព និងចរិតលក្ខណៈល្អ ដើម្បីក្លាយជាពលរដ្ឋល្អ និងជាកម្លាំងស្នូលក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
លោកស្រីបានផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ សូមចៀសឱ្យឆ្ញាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងថែទាំសុខភាពឱ្យបានល្អ ដើម្បីទទួលបានជោគជ័យក្នុងឆ្នាំសិក្សាថ្មី និងសម្រេចបាននូវគោលដៅក្នុងការសិក្សារៀនសូត្រ៕






















