លោក ហុី ធួក អភិបាលរងខេត្តព្រៃវែង អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី និងចែករង្វាន់លើកទឹកចិត្តដល់សិស្សពូកែ
01-11-2026 15:45
(ព្រៃវែង)៖ លោក ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នៅវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ព្រមទាំងចែករង្វាន់ លិខិតសរសើរ និងវត្ថុអនុស្សាវរីយ៍ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់ពួកគាត់ផងដែរ។
ក្នុងឱកាសដ៏សំខាន់នេះ លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំសិក្សារៀនសូត្រ គោរពដំបូន្មានឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។
ការខិតខំប្រឹងប្រែងទាំងនេះ នឹងធ្វើឲ្យក្មួយៗក្លាយជាទំពាំងស្នងឫស្សីដ៏មានតម្លៃសម្រាប់អនាគតប្រទេសជាតិ ដែលនឹងនាំមកនូវការរីកចម្រើនជានិរន្តរ៍។ ពិធីនេះបានប្រព្រឹត្តទៅដោយភាពរីករាយ និងពោរពេញដោយក្តីសង្ឃឹមសម្រាប់ឆ្នាំសិក្សាថ្មី៕




















