អភិបាលស្រុកប្រាសាទសំបូរ ជំរុញសិស្សានុសិស្សឱ្យប្រកាន់ខ្ជាប់នូវគុណធម៌ខ្ពស់
01-11-2026 15:39
(កំពង់ធំ)៖ លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានផ្ញើសាររំលឹក និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ខ្ពស់ក្នុងសង្គម ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាអ្នកដឹកនាំបន្តវេនដ៏ល្អប្រសើរបែបឌីជីថលនាពេលអនាគត។
ការលើកឡើងរបស់ លោកឃីម សុខឃាង ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៦-២០២៧ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រមាណ ១,០០០នាក់ ដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល លោក ឃីម សុខឃាង បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចូលរួមគាំទ្រយ៉ាងសកម្ម ធ្វើឲ្យវិស័យអប់រំនៅក្នុងស្រុកប្រាសាទសំបូរមានការរីកចម្រើន និងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាការរំលឹកដាស់តឿនដល់ក្មួយៗសិស្សានុសិស្ស លោកអភិបាលស្រុក បានគូសបញ្ជាក់ថា ក្នុងនាមក្មួយៗជាក្មេងជំនាន់ក្រោយ និងជាអ្នកដឹកនាំបន្តវេននាថ្ងៃអនាគត ត្រូវតែរក្សាឲ្យបាននូវគោលការណ៍សំខាន់ៗចំនួន ៣ យ៉ាង រួមមាន៖
១.សូមកុំពាក់ព័ន្ធ ឬក្លាយជាអ្នកញៀនថ្នាំ៖ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលជាមុខសញ្ញាញ៉ាំញីអនាគត និងសុខភាព។
សូមកុំក្លាយជាក្មេងទំនើង៖ ត្រូវគោរពច្បាប់ គោរពវិន័យសាលា និងសីលធម៌រស់នៅ មិនត្រូវបង្កភាពវឹកវរដល់គ្រួសារ និងសង្គមជាតិឡើយ។
សូមឲ្យក្លាយជាមនុស្សដែលមានគុណធម៌ខ្ពស់ ដោយលោកបានសង្កត់ធ្ងន់ថា «មនុស្សដែលគ្មានគុណធម៌ក្នុងខ្លួន ទោះបីជាមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏មិនអាចស្វែងរកការងារល្អ ឬទទួលបានការគោរពស្រឡាញ់ពីអ្នកដទៃបានឡើយ»៕




















