លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅវិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ
01-11-2026 15:12
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យសម្តេចឪ នៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅវិទ្យាល័យសម្តេចឪ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីលោក អេង ប៊ុនឆាយ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងក្រុង លោកនាយកសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានអាននូវសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី។ លោកឧត្ដមសេនីយ៍ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនជាប្រចាំ ព្រមទាំងត្រូវចេះស្រឡាញ់ខ្លួន ថែរក្សាខ្លួន ស្រឡាញ់គ្រួសារ មានវិន័យ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខ និងអំពើអវិជ្ជមានគ្រប់រូបភាព ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ។
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាន ឧបត្ថម្ភ កំព្យួរទ័រ (All in one) ចំនួន១០គ្រឿង,ខោអាវកីឡា ចំនួន៨០០ឈុត, បាល់ទាត់ ចំនួន១០គ្រាប់, បាល់ទះ ចំនួន ១០គ្រាប់ ស្រោមដៃអ្នកចាំទី ចំនួន០៦គូរ, សំណាញ់បាល់ទះ ចំនួន០៣ ជូនដល់វិទ្យាល័យសម្រាប់ចាត់ចែងតាមតម្រូវការផងដែរ៕



















