លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន នាំយកអំណោយមនុស្សធម៌ជូនគ្រួសារខ្វះខាតនៅក្រុងច្បារមន
01-11-2026 15:01
(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៌របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារនៅក្រុងច្បារមន។
ឱកាសនេះមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត។
គ្រួសារដែលទទួលបានអំណោយគឺលោកស្រី រ៉េត សុខនឿន អាយុ៤៨ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយក្រុមការងារ បានសំណេះសំណាលជាមួយក្រុមគ្រួសារលោកស្រី រ៉េត សុខនឿន ដោយក្តីអាណិតអាសូរ និងបានឧបត្ថម្ភជាថវិកាចំនួន ២០០,០០០រៀល ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន អង្ករ១បាវ ទឹកសុទ្ធ១កេស ភេសជ្ជៈ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ។
កាយវិការមនុស្សធម៌នេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ដើម្បីរួមចំណែកកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ៕



















