បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ០៨រូប នៅក្រចេះ ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
01-11-2026 14:56
(ក្រចេះ)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ០៨រូប មកពីឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានបន្តប្រកាសផ្តាច់ខ្លួន និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ការសុំចុះចូលនេះ ដោយពួកគាត់បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទនុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ពួកគាត់បានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ៕




