FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាជននៅខេត្តតាកែវបង្ហាញការចាប់អារម្មណ៍ខ្លាំងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

01-11-2026 14:52

(តាកែវ)៖ មហាជនជាច្រើននៅខេត្តតាកែវ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការចូលរួមយ៉ាងផុសផុលក្នុងពិធីផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដែលរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ។

ពិធីនេះបានប្រព្រឹត្តទៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ បានមានប្រសាសន៍ថា មហាជន ជាពិសេសយុវជន បានចូលរួមទស្សនាស្វែងយល់នៅស្តង់ពិព័រណ៍ និងទាញយកកម្មវិធី NoDrug ដោយទឹកមុខញញឹមពេញចិត្ត។ លោកក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃពាក្យស្លោក «ផ្ទះខ្ញុំ-ផ្ទះអ្នក ក្បែរផ្ទះខ្ញុំ-ក្បែរផ្ទះអ្នក គ្មានគ្រឿងញៀន សហគមន៍របស់យើងនឹងគ្មានគ្រឿងញៀន» ដើម្បីជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរាយការណ៍ករណីគ្រឿងញៀន។

លោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានអនុវត្តជាប្រចាំនៅតាមមូលដ្ឋាន ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញថ្នាក់ជាតិ សំដៅពង្រឹងសមត្ថភាព និងពង្រីកការចូលរួមពីគ្រប់មជ្ឈដ្ឋាន។ ការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍គ្មានគ្រឿងញៀនប្រកបដោយសុវត្ថិភាព និងវិបុលភាព។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC បានថ្លែងសាទរនូវសកម្មភាព ផុលផុសរបស់ក្រុមការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនក៏ដូចជា App NoDrug ដល់មហាជន។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍របស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ កោតសសើរ ចំពោះកិច្ចសហការរួមគ្នាទាំងរដ្ឋ និងវិស័យឯកជន ដើម្បីកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗក្នុងនោះមានបញ្ហាគ្រឿងញៀនជាចម្បង។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រជាវត្ថុអនុស្សាវរីយ៍មាន ឆ័ត្រ មួក សៀវភៅ អាវយឺត បន្តោងសោ ផ្លិត ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន ទឹកបរិសុទ្ធ ។ល។ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីLOLC ក្រុមហ៊ុនទូរសព្ទមិត្តហ្វូន ក្រុមហ៊ុនទេសចរណ៍ឆាយភល និងធូរវើលត្រាវែល និងក្រុមហ៊ុនប៊ែវើរីជីសផងដែរ៕