ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូបង្រៀន និងសិស្សានុសិស្សនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ
01-11-2026 14:41
(ត្បូងឃ្មុំ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ខេត្តត្បូងឃ្មុំ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ១០៤០នាក់។
វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ជាវិទ្យាល័យមួយដែលនៅតាមជាប់តាមបណ្តោយផ្លូវ ជាតិលេខ៧ ស្ថិតនៅក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងឆ្នាំ ១៩៦៥ ដល់ ១៩៦៦ មានឈ្មោះថា សាលាបឋមសិក្សាមេមត់។ នៅក្នុងឆ្នាំ ១៩៧៥ - ១៩៧៩ សាលារៀននេះបានក្លាយទៅជាមន្ទីរពេទ្យតំបន់ របស់របបបនប្រល័យពូជសាសន៍ ពុលពត។ កន្លែងនេះហើយជាមហាសោគនាដកម្មឈឺចាប់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបាត់បង់កូនប្រុសច្បងជាទីស្រលាញ់បំផុតដែលមាននាមថាកុមារ ហ៊ុន កំសត់។
សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ជួបសំណេះសំណាល និងសួរសុខទុក្ខ ក៏ដូចជាបង្កើតភាពស្និទ្ធស្នាលជាមួយ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងនាំយកអំណោយជាសម្ភារៈ និងថវិកា ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គ មហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសនៃការរៀបចំពិធីបុណ្យខួបលើកទី៥០ឆ្នាំ នៃការទទួលមរណភាពកូនប្រុសច្បងសម្តេចតេជោ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខនេះ ៕





































