ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា និងអភិបាលស្រុកសំបូរ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ទូទាំងស្រុកសំបូរ
01-11-2026 14:34
(ក្រចេះ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ទូទាំងស្រុកសំបូរ បានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមអធិបតីភាពរបស់ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា (ឧត្តមបញ្ញា) ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈកម្មការគ្រប់គ្រងសាលា វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ រួមជាមួយលោក គង់ មេត្តា អភិបាលស្រុកសំបូរ។
ពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណវិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ស្រុកសំបូរ ខេត្តក្រចេះ។
ការរៀបចំពិធីបើកបវេសនកាលនេះ គឺដើម្បីស្វាគមន៍សិស្សានុសិស្សទាំងអស់ឱ្យត្រៀមខ្លួនចូលរៀនឡើងវិញ បន្ទាប់ពីវិស្សមកាល និងជាការលើកទឹកចិត្តដល់ពួកគេឱ្យខិតខំសិក្សារៀនសូត្រដើម្បីអនាគតដ៏ត្រចះត្រចង់។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា និងលោកអភិបាលស្រុក បានផ្តល់នូវអនុសាសន៍ល្អៗជាច្រើនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរីកចម្រើន៕












































