FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធីប្រកួតប្រជែងផលិតវីដេអូទេសចរណ៍ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតងឆ្នាំ២០២៦» រួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

01-11-2026 13:27

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជូនជ័យលាភី នៃកម្មវិធីប្រកួតប្រជែងផលិតវីដេអូទេសចរណ៍ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតងឆ្នាំ២០២៦» ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងសារព័ត៌មានត្នោតញូស ដើម្បីលើកទឹកចិត្តដល់យុវជន អ្នកផលិតមាតិកាទេសចរណ៍ និងសាធារណជន ចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការផលិតវីដេអូប្រកបដោយភាពច្នៃប្រឌិត។

កម្មវិធីប្រកួតប្រជែងនេះ មានបេក្ខជនចូលរួមសរុបចំនួន ៨៣រូប ដែលបានបង្ហាញសមត្ថភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិត ក្នុងការផលិតវីដេអូផ្សព្វផ្សាយពីសម្រស់គោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់សាធារណជនជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ កម្មវិធីបានផ្តល់ពានរង្វាន់ដល់ជ័យលាភីចំនួន ១០រូប ក្នុងប្រភេទផ្សេងៗគ្នា ដើម្បីទទួលស្គាល់ស្នាដៃ និងការចូលរួមចំណែករបស់អ្នកផលិតមាតិកាក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

សូមជម្រាបថា យុទ្ធនាការ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង» ត្រូវបានដាក់ឱ្យអនុវត្តជាសាកល្បងកាលពីឆ្នាំ២០២៥ និងបន្តអនុវត្តក្នុងឆ្នាំ២០២៦ ព្រមទាំងឆ្នាំបន្តបន្ទាប់ ដោយមានគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងលើកទឹកចិត្តឱ្យមានការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស ជាពិសេសក្នុងរដូវកាលបៃតងចាប់ពីខែឧសភា ដល់ខែតុលា។

យុទ្ធនាការនេះ មានគោលដៅប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ពេញមួយឆ្នាំ និងប្រែក្លាយ «រដូវកាលបៃតង» ទៅជា «ឱកាសមាសបៃតង» ដែលនឹងរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយចីរភាព៕